ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

សៀមរាប៖ សមត្ថកិច្ច ចុះបង្រ្កាប់ និងឃាត់ខ្លួនជនជាតិចិន១៦៤នាក់ ករណី បើកល្បែងស៊ីសងតាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប។

ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងផែនអន្តោប្រវេសន៍ សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប សម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

ការចុះប្រត្តិការណ៍បង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន២ទីតាំងដែលប្រព្រឹត្តដោយជនជាតិចិន។

សមត្ថកិច្ចបានឲ្យដឹងថា បានរកឃើញ និងឃាត់ជនជាតិចិនសរុបចំនួន១៦៤នាក់ ស្រី៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារៈជាច្រើនទៀតដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។

លោក ណុប សារ៉ាក អធិការក្រុងសៀមរាប បានអោយដឹងនៅល្ងាចថ្ងៃទី២៨ ខែមិនាឆ្នាំ២០១៩នេះ ថា ជនសង្ស័យជនជាតិចិនទាំងអស់បានបញ្ចូន ទៅស្នងការខេត្តសៀមរាប ដើម្បីធ្វើការសាកសួរបំភ្លឺកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕