ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។

មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង និងបច្ចេកទេសលាយប្រេង ដែលត្រូវដោះស្រាយ។ នៅពេលយើងមានដំណោះស្រាយ យើងនឹងទិញយកការលក់ឲ្យដោយបញ្ចុះតម្លៃនេះ»។

លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីប្រើប្រាក់ដុល្លារអាមេរិក និងរួចផុតពីកម្រិតដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយការងាររៀបចំបែបបទធ្វើពាណិជ្ជកម្មប្រាក់រូពី-រូបល ត្រូវបានព្រមព្រៀងគ្នារួចហើយ។

មកទល់នឹងពេលនេះ ឥណ្ឌាមិនប្រតិកម្មប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន ដែលរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប និងអាមេរិក រហូតឈានទៅដល់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី។ ខណៈប្រេងរុស្ស៊ីមិនត្រូវបានដាក់ទណ្ឌកម្ម ហើយការធ្វើពាណិជ្ជករអន្តរជាតិមួយចំនួន នៅភ័យខ្លាចការប្រឈមមុខនឹងការដាក់ទណ្ឌកម្មដោយសាររកស៊ីជាមួយប្រទេសរុស្ស៊ី ទើបបង្ខំឲ្យរុស្ស៊ីសម្រេចលក់ប្រេងឆៅ ដោយការបញ្ចុះតម្លៃទាបបំផុតក្នុងប្រវត្តិសាស្ត្រ។

ឥណ្ឌា​នាំចូល​ប្រេង​ឆៅជិត៨៥ភាគ ប៉ុន្តែទំនិញប្រើប្រាស់ផ្សេងទៀត​មានតែប្រហែលបីភាគរយប៉ុណ្ណោះជាទំនិញ​មក​ពី​រុស្ស៊ី។ ចំណែកសេចក្តីរាយការណ៍ផ្សេងទៀត ដែលដកស្រង់ប្រភពអ្នកធ្វើពាណិជ្ជកម្មនេះ កាលពីថ្ងៃច័ន្ទ បាននិយាយថា ក្រុមហ៊ុនប្រេងដ៏ធំជាងគេរបស់ប្រទេសឥណ្ទា ឈ្មោះ ឥណ្ឌាន អល ខប់ (Indian Oil Corp) ទើបតែបានទិញប្រេងឆៅពីរុស្ស៊ីចំនួនបីលានបារ៉ែល ក្នុងការបញ្ចុះតម្លៃពី២០ ទៅ២៥ដុល្លារក្នុងមួយបារ៉ែល សម្រាប់ការចែកចាយនៅក្នុងខែឧសភាខាងមុខនេះ។ យោងតាមប្រភពនៅក្នុងក្រុមហ៊ុននេះ  មិនចាត់ទុកការទិញថា ជាបញ្ហានោះទេ ព្រោះប្រេងមិនជាប់ទទួលទណ្ឌកម្មឡើយ។

សេចក្តីរាយការណ៍នានា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាក៏កំពុងពិចារណាទិញវត្ថុធាតុដើមពីប្រទេសរុស្ស៊ី និងប្រទេសបេឡារុស្ស ដូចជាជី ចំពេលតម្លៃទំនិញស្ទើរសព្វសារពើរឡើងថ្លៃកប់ពពក នាសប្តាហ៍នេះ។

ចំណែក ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុស្ស៊ី​ បាន​លើកឡើង​កាលពីម្សិលមិញ ​ដើម្បី​កំណត់​ជា បណ្ដោះអាសន្ននូវតម្លៃក្នុងស្រុកឲ្យទាបជាអតិបរមា សម្រាប់ផលិតផលដែក និងវត្ថុធាតុដើមដទៃទៀត ដោយមិនចាំបាច់ប្រើប្រាស់លុយដុល្លារអាមេរិក។ វិធានការនេះត្រូវបានគេរំពឹងថា នឹងអាចជួយសង្គ្រោះដល់វិស័យឧស្សាហកម្មនៅក្នុងប្រទេស។

ក្រសួង​បាន​ពន្យល់​ថា នៅ​ពេល​នេះ​មានការ​ផ្លាស់ប្តូរ​នូវតម្រូវការជាសកលសម្រាប់ថាមពល វត្ថុធាតុដើម និងលោហធាតុ ដែលតែងតែឡើងថ្លៃខ្លាំង។ ដូច្នេះ តម្លៃ​វត្ថុធាតុដើម​ដូចជា​រ៉ែ​ដែក និង​ធ្យូងថ្ម​ នៅតែ​មានតម្លៃខ្ពស់​ដដែល​ សូម្បីតែតម្លៃដែក​អេតចាយ​​ក៏​ឡើង​ថ្លៃ​ដែរ។ ចំណែកតម្លៃអាលុយមីញ៉ូម និងទង់ដែង គឺប្រែប្រួលតាមរូបិយប័ណ្ណ។

ក្រសួងដដែលនេះបានបញ្ជាក់បន្ថែមថា «ក្រោមលក្ខខណ្ឌបែបនេះ ចាំបាច់ត្រូវធានានូវដំណើរការ ដោយគ្មានការរំខានដល់វិស័យឧស្សាហកម្ម ដោយមិនប្រែប្រួលតាមអត្រាប្តូរប្រាក់ដុល្លារអាមេរិក មកលើផលិតផលលោហធាតុ និងវត្ថុធាតុដើម»។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុស្ស៊ី​ ​បានលើកឡើងទៀត​ថា ចំណាត់ការនឹងជួយទប់ស្កាត់ការកើនឡើងនៃតម្លៃវត្ថុធាតុដើម ក៏ដូចជាផលិតផលសម្រេច ដែលក្រសួងពាណិជ្ជកម្មបានកត់សម្គាល់។ លើសពីនេះទៅទៀត វិធានការនេះនឹងជួយរក្សាបាននូវល្បឿននៃការអនុវត្តគម្រោងវិនិយោគ និងសំណង់នៅក្នុងប្រទេសរុស្ស៊ី និងនៅក្នុងតំបន់ផងដែរ៕