ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិភាគ៖ តើ​រុស្ស៊ី ​អាច​មានមុខមាត់លើឆាក​អន្តរជាតិ ​ដូចបណ្តា​ប្រទេស​ពូកែឈ្លានពាន​គេ ផ្សេងទៀត​ដែរ ​ឬទេ?

អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា ខណៈលោក វ្ល៉ាឌីមៀ ពូទីន កំពុងរងការរិះគន់ និងថ្កោលទោសពីអាមេរិក និងមេដឹកនាំបញ្ចឹមលោក ជុំវិញការឈ្លានពាន អ៊ុយក្រែន ដោយរុញលោកឲ្យនៅឯកោម្នាក់ឯងហាក់ដូចជាមិនអាចទៅរួចទេ ដោយសារតែអំណាចយុទ្ធសាស្ត្ររបស់រុស្ស៊ី។

អ្នកវិភាគប្រចាំទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) របស់ប្រទេសកាតា បានលើកឡើងថា សង្គ្រាម​នៅ​អ៊ុយក្រែន​ បានរុញប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន ឲ្យ​ទៅ​ជា​មនស្សថោកទាប ជាពិសេស ​នៅបញ្ចឹមប្រទេស។​ ផ្ទុយទៅវិញ អំពើឃោរឃៅទៅលើប្រទេសអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ី ធ្វើឲ្យលោក ពូទីន លេចមុខមាត់កាន់តែខ្លាំងនៅក្នុងចំណោមមេដឹកនាំបញ្ចឹមប្រទេស។

សហរដ្ឋអាមេរិកកំពុងព្យាយាម ដករដ្ឋាភិបាលទីក្រុងមូស្គូ ចេញពីប្លុកប្រទេស G20 ព្រមទា​ងកំពុងតែបបួលសម្ព័ន្ធមិត្ត ដើម្បីព្រួតគ្នាបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយនាំគ្នាឈប់ប្រើប្រេង និងឧស្ម័ន នាំចូលពីរុស្ស៊ី។ លើសពីនេះ ក្រុមប្រទេសជាសមាជិកអង្គការណាតូ នាំមុខដោយសហរដ្ឋអាមេរិក កំពុងទាមទារឲ្យនាំខ្លួនលោក ពូទីន ទៅកាត់ទោសនៅតុលាការយុត្តិធម៌អន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាម។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រុស្ស៊ី នៅតែជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសិទ្ធិ វេតូ ចំពោះការព្យាយាមបោះឆ្នោតណាមួយ ដើម្បីធ្វើបាបលោក ពូទីន ខណៈប្រទេសមហាអំណាចនៅលើពិភពលោក មួយចំនួនទៀត ដូចជាចិន និងឥណ្ឌា មិនដើរចោលលោក ពូទីន ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្របង្រៀនថា គេតែងតែឃើញជាញឹកញាប់ណាស់ថា គ្មានមេដឹកនាំបង្កសង្រ្គាមណាម្នាក់ នៅឯកោម្នាក់ឯងនោះទេ។

លោក ស្ទីហ្វិន ហ្ស៊ូន (Stephen Zunes) សាស្ត្រាចារ្យផ្នែកនយោបាយ និងការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក បានរំឭកថា ពិតជាមានមែន មេដឹកនាំបង្កសង្រ្គាមឈ្លានពាន ដែលសម្លាប់ជនស៊ីវិលរាប់មិនអស់ បែរជាមានមហាមិត្តចោមរោមស្រលាញ់ច្រើន លើឆាកអន្តរជាតិ ដូចជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចច ដាប់បលយូ ប៊ុស (George W Bush) ដែលបានសម្លាប់ជនជាតិអ៊ីរ៉ាក់ រាប់មិនអស់ និងអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក អារៀល សារ៉ូន (Ariel Sharon) ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន គ្មានត្រាប្រណី។

លោកបានបន្តទៀតថា ទោះជាយ៉ាងណា គ្មានប្រទេសធំណាមួយ គាំទ្រការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ដោយចេញមុខជាចំហក៏ដោយ ភាពឯកោរបស់លោក ពូទីន ក្នុងសហគមន៍អន្តរជាតិ ក៏អាចមានរយៈពេលវែងផងដែរ។

ដោយពន្យល់ពីមូលហេតុ រុស្ស៊ី អាចប្រឈមមុខនឹងភាពឯកោរយៈពេលវែង លោក ស្ទីហ្វិន ហ្ស៊ូន និយាយថា ទំហំនៃការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតមនុស្ស គឺប្រហែលជាអាក្រក់ជាងគេ នៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ សង្គ្រាម​រុស្ស៊ី​ លើ​អ៊ុយ​ក្រែ​ន អាច​ត្រូវ​គេ​មើលងាយ មើលថោករុស្ស៊ី ​ក្នុង​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ​។ លើសពីនេះទៅទៀត ដោយសារអ៊ុយក្រែន ជាប្រទេសអភិវឌ្ឍន៍ ដែលមានសមត្ថភាពផ្នែកទំនាក់ទំនងខ្លាំងក្លាផងនោះ រូបភាពនៃការបំផ្លិចបំផ្លាញពីសំណាក់រុស្ស៊ី ត្រូវបានគេផ្សព្វផ្សាយ ជាអន្តរជាតិដល់កម្រិត ដែលមិនធ្លាប់មានពីមុនមក។

លោកសាស្ត្រាចារ្យ បាននិយាយទៀតថា ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺហេតុផលចម្បង ដែលរុស្ស៊ី រងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបែបនេះ ដោយសារភាគច្រើននៃជនជាតិអ៊ុយក្រែន ជាគ្រិស្តសាសនិករស់នៅក្នុងសង្គមប្រជាធិបតេយ្យជឿនលឿន។ ដូច្នេះ បណ្តាប្រទេសលោកខាងលិច មានសេចក្តីអាណិតអាសូរ​ជនជាតិ អ៊ុយក្រែន ច្រើនជាងជនជាតិប៉ាឡេស្ទីន ជនជាតិអ៊ីរ៉ាក់ ឬជនជាតិដទៃទៀត ដែលជនរងគ្រោះក្នុងសង្គ្រាមឈ្លានពាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ចំណែកលោក អើឌី អូស្ទើក (Erdi Ozturk) សាស្ត្រាចារ្យរងផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ ឡុងដុង ម៉េត្រូប៉ូលីថិន (London Metropolitan) បាននិយាយថា សង្គ្រាមអ៊ុយក្រែន ជារឿងរ៉ាវចុងក្រោយសម្រាប់មហាអំណាចពិភពលោក ប៉ុន្តែ នៅមុនពេលបើកការលុកលុយ មានលេចឮនូវព័ត៌មានថា លោក ពូទីន កំពុងដកខ្លួនចេញបន្តិចម្តងៗ ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយងាក​ទៅ​រក​ការស្តារមុខមាត់ប្រទេសរុស្ស៊ី ជាថ្មីឡើងវិញ ​ដែលធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ និងការចងចាំរបស់ខ្លួន។

លោកលើកឡើងដូច្នេះថា «វា​ពិតជាឥទ្ធិពល​ដ៏​ក្តៅគគុក ​ជាមួយ​មហាអំណាច​លោកខាងលិច ហើយ​វា​ហាក់បីដូចជា​​ពិបាក​បន្តិចសម្រាប់​លោក ពូ​ទីន ដើម្បី​ក្លាយជា​មេដឹកនាំ គួរឱ្យ​គោរព​លើឆាក​អន្តរជាតិ​។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសផ្សេងទៀតជឿថា កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយរុស្ស៊ី អាចធ្វើទៅបាន ប្រសិនបើមិនមានអ្វីថ្មីកើតឡើងទៀតទេ»។

រីឯលោក ហ្គ្រែម ជីល (Graeme Gill) សាស្ត្រាចារ្យកិត្តិយស នៅសាកលវិទ្យាល័យស៊ីដនី និងជាប្រធានក្រុមប្រឹក្សាអន្តរជាតិ សម្រាប់ការសិក្សានៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត បានមានប្រសាសន៍ថា នៅដំណាក់កាលខ្លះ លោកខាងលិចនឹងផ្លាស់ប្តូរពីការដាក់ទណ្ឌកម្មលើរុស្ស៊ី បែរទៅធ្វើការជាមួយរុស្ស៊ី វិញ ក៏អាចថាបានដែរ។ លើសពីនេះទៅទៀត ការខ្វែងគំនិតគ្នានៅក្នុងប្លុកលោកខាងលិច ដើម្បីតែផលប្រយោជន៍ជាតិរៀងៗខ្លួន ក៏នាំឲ្យប្រទេសខ្លះងាកទៅរករុស្ស៊ី វិញដែរ ហើយក៏ប្រហែលដល់ពេលសហភាពអឺរ៉ុប បែកបាក់គ្នាតែម្តង។

លោកសាស្ត្រាចារ្យ បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែន គឺមិនខុសពីការឈ្លានពានរបស់អាមេរិក ក្នុងឆ្នាំ២០០៣ លើប្រទេសអ៊ីរ៉ាក់ដែរ។ ដូចគ្នានឹងការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ក្នុងឆ្នាំ២០១១ លើប្រទេសលីប៊ី។ ដូចគ្នានឹងការទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្តលើប្រទេសស៊ែប៊ី ក្នុងឆ្នាំ១៩៩៩ ឬមិនខុសគ្នាពីសង្រ្គាមបច្ចុប្បន្ននេះ របស់សម្ព័ន្ធមិត្ត ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឈ្លានពានលើប្រទេស យេម៉ែន។

លោក​បាន​បន្ត​ថា​ ​​ប្រតិបត្តិការ​ស្តង់ដារ​ពីរ គឺពិតជាមាន​យ៉ាង​ច្បាស់ណាស់ ហើយ​​មិន​អាច​​លាក់បានទេ ​ក្នុងទ្រឹស្តីនៃ ​ច្បាប់​អន្តរជាតិ និង​ឧក្រិដ្ឋកម្ម​របស់​រុស្ស៊ី​។ រឿងដ៏អាក្រក់មួយ គឺគេកំពុងតែធ្វើនៅក្នុងប្រទេសអ៊ុយក្រែន ហើយរឿងស្រដៀងគ្នានេះដែរ គេក៏កំពុងធ្វើនៅក្នុងប្រទេសផ្សេងទៀត ប៉ុន្តែគេវាយតម្លៃខុសគ្នាស្រឡះ។ ប្រហែលនេះ ជាហេតុផលនៃការថ្កោលទោសយ៉ាងខ្លាំងលើរុស្ស៊ី ពីបណ្តាប្រទេសលោកខាងលិច ប៉ុន្តែមិនត្រូវបានប្រទេសផ្សេងទៀត លើពិភពលោកតាមឡើយ សូម្បីតែនៅក្នុងអង្គការសហប្រជាជាតិក៏ដោយ។

លោកបានលើកឡើងទៀតថា បើសម្លឹងមើលទៅមុខឲ្យឆ្ងាយវិញ ទោះបីជាមានការនិយាយថា ក្នុងវិមានក្រឹមឡាំង ក៏មានការគិតអំពីជោគវាសនាអនាគតរបស់លោក ពូទីន ដូចជាការទម្លាក់ពីតំណែងក៏ដោយ លោក ពូទីន នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបន្តកាន់អំណាច ហើយការព្យាយាមណាមួយ ដើម្បីដកគាត់ចេញពីតំណែង ទោះជាតាមផ្លូវយោធា តាមផ្លូវសម្ងាត់ ឬតាមរយៈក្រុមអ្នកមានលុយមានអំណាចនៅក្នុងប្រទេសរុស្ស៊ី ក៏វាមិនងាយស្រួលនោះទេ។

លោកបានបន្ថែមថា «រុស្ស៊ី គឺជាមហាអំណាចដ៏ធំជាងគេមួយ ហើយកម្រិតទំនាក់ទំនងបរទេសជាមួយដៃគូ ក៏មិននៅក្រោមគេដែរ រួមទាំងទំនាក់ទំនងជាមួយប្រទេសចិន និងប្រទេសមួយចំនួនទៀត នៅក្នុងទ្វីបអឺរ៉ុប។ មិនងាយកាត់ផ្តាច់ប្រទេសរុស្ស៊ី ចេញពីឆាកអន្តរជាតិណាស់ ជាពិសេសសម្រាប់បុរសម្នាក់ គឺលោក វ្ល៉ាឌីមៀ ពូទីន មិនងាយធ្វើគាត់ឯកោបានឡើយ»៕