ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោក Yazid BENSAIDនាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ជំនួបនោះ ក្នុងគោលបំណងនៃកិច្ចជំនួបនេះដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃការងារអនុវត្តគម្រោងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងទីភ្នាក់ងារអភិវឌ្ឍបារាំងនិងពិភាក្សាពីសក្តានុពលក្នុងការសហការអនុវត្តគម្រោងនាពេលអនាគតបន្ថែមទៀតជាពិសេសទិសដៅរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំងនិងទីភ្នាក់ងារអភិវឌ្ឍបារាំងដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងវិស័យនានានៅកម្ពុជាជាពិសេសវិស័យកសិកម្ម។
លោករដ្ឋមន្រ្តីបានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជានៅតែបន្តរក្សាកំណើនបានល្អនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ក្នុងនោះទីភ្នាក់ងារអភិវឌ្ឍបារាំងជាដៃគូដ៏សំខាន់មួយ។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេ សាទ កំពុងអនុវត្តគម្រោងនិងកម្មវិធីចំនួនពីរក្រោមហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំងសហការជាមួយដៃគូដទៃទៀតរួមមានគម្រោងពង្រឹងសុវត្ថិភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្មនិងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរនៃក្សេត្របរិស្ថាននៅកម្ពុជា។
គម្រោងនិងកម្មវិធីទាំងពីរបាននិងកំពុងតែដំណើរការបានល្អហើយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនជីវភាពកសិករ តាមរយៈការបង្កើនផលិតភាពពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្រៅពីនេះមន្រ្តីជំនាញរបស់ក្រសួងក៏បាននឹងកំពុងសហការជាមួយជំនាញការដែលបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍបារាំងក្នុងការរៀបចំនិងសិក្សានូវគម្រោង និងកម្មវិធីថ្មី២ទៀត ដូចជាកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មពឹងផ្អែកលើទឹកភ្លៀងនៅកម្ពុជានិងគម្រោងនិរន្តភាពនេសាទសមុទ្រនិងតំបន់ឆ្នេរ។
គម្រោងនិងកម្មវិធីនេះត្រូវបានរំពឹងថានឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរ យៈការបង្កើនតម្លៃបន្ថែមផលិតផលកសិកម្មបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដោយអនុវត្តនូវកសិកម្មវ័យឆ្លាតនិងកសិកម្មអភិរក្ស បង្កើនភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលដល់កសិករ និងប្រជានេសាទ និងទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃ។
លោក Yazid BENSAIDបានលើកឡើងថា ទីភ្នាក់ងារអភិវឌ្ឍបារាំងបានពិនិត្យឃើញបញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលសកលលោកកំពុង យកចិត្តទុកដាក់ក្នុងនោះកម្ពុជាក៏ត្រូវបានពិនិត្យឃើញថាជាប្រទេសមួយដែលកំពុងរងសម្ពាធពីការប្រែប្រួលអាកាសធាតុ ជាពិសេស បញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។
កត្តាគ្រោះធម្មជាតិនេះបានបង្កហានិភ័យចំពោះវិស័យកសិកម្មដែលទាមទារអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ និងបង្កើនភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក Yazid បានបន្ថែមថា ទីភ្នាក់ងារនឹងបន្តកិច្ចសហការអោយបានល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញកិច្ចការនេះបន្ថែមទៀត ដោយយកចិត្តទុកដាក់លើវិធានការជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ផងដែរ។