ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមជីវពលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីព្យាយាមរុលទៅមុខព្យាយាមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តម៉ារៀប៉ូលរបស់អ៊ុយក្រែន

អ៊ុយក្រែន៖ កងពលថ្មើរជើងជីវពលដូណេតស្ក៍ ដែលគាំទ្រដោយរថក្រោះ បានធ្វើដំណើរឆ្លងកាត់តំបន់រស់នៅអ្នកស្រុកជុំវិញរោងចក្រ Azovstal ស្ថិតនៅច្រាំងទន្លេខាងឆ្វេងទីក្រុងម៉ារៀប៉ូល ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ។
ដោយឡែកអ៊ុយក្រែននិយាយថា ខ្លួននៅតែបន្តប្រយុទ្ធបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី នៅភាគអាគ្នេយ៍នៃទីក្រុងកំពង់ផែម៉ារៀលប៉ូល ដែលភាគច្រើនរងការបំផ្លិចបំផ្លាញដោយសារការវាយប្រយុទ្ធគ្នានិងការទម្លាក់គ្រាប់បែកជាច្រើនសប្ដាហ៍មកនេះ ។
កងទ័ពអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថាមានការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋានមួយក្នុងទីក្រុងឌីនីប្រូដែលបណ្ដាលឲ្យបុគ្គលិក សង្រ្គោះបន្ទាន់ចំនួន៥នាក់រងរបួស
លោក វ្ល៉ាឌីស្លាវ គឺជាជីវពលវ័យ ១៨ឆ្នាំកំពុងរៀនបើកត្រាក់ទ័រពេលដែលគាត់ ទទួលបានការហៅឲ្យមកាន់តំបន់ជួរមុខ ។
លោកបាននិយាយថា លោកអត់លាក់ខ្លួនទេ លោកមកដោយចិត្តឯងក្នុងនាមជាអ្នកស្ម័គ្រចិត្ត ។
លោកបាននិយាយទទួលស្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ លោកមិនរំពឹងថា អ្វីៗនឹងផ្លាស់ប្តូរទៅលឿននោះទេ ។អ៊ុយក្រែនបានត្រៀមអ្នកប្រយុទ្ធ ។ អង្គការណាតូ បានបង្វឹកពួកគេបានល្អ ។
មេបញ្ជាការអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានរក្សាការឡោមព័ទ្ធទីក្រុងម៉ារៀប៉ូល ដែលជាទីក្រុងកំពង់ផែភាគខាងត្បូងដ៏សំខាន់ រងការវាយប្រហារអស់រយៈពេល ៦សប្តាហ៍មកហើយ ។
ខណៈពេលនោះដែរ កងកម្លាំងយោធាអ៊ុយក្រែនបានបង្កើនការការពារ ទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី នៅភាគខាងកើត និងខាងត្បូង ខណៈជនស៊ីវិលជាច្រើនបន្តភៀសខ្លួន ក្នុងប្រទេស ហើយប្រធានាធិបតីរបស់ប្រទេសនេះ ហៅសង្រ្គាមនេះថាជាការគំរាមដ៏ធំបំផុតដល់លទ្ធិប្រជាធិបតេយ្យរបស់អឺរ៉ុបទាំងមូល។
យោធាអ៊ុយក្រែន និយាយថា ខ្លួនកំពុងទប់ទល់ការខិតខំប្រឹងប្រែង របស់ទាហានរុស្ស៊ី នៅក្នុងភាគខាងកើត ដើម្បីកាត់ផ្ដាច់ផ្លូវពីទីក្រុងអ៊ីសយ៉ាម ដែលកងកម្លាំងរុស្ស៊ីបានរឹបអូសជាមូលដ្ឋានយុទ្ធសាស្ត្រឈានទៅរកការវាយដណ្ដើមយកទឹកដីជាច្រើនទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយនៅក្នុងសុន្ទរកថា ដោយហៅជម្លោះដែលកំពុងរីកកាន់តែធំនៅក្នុងប្រទេសអ៊ុយក្រែនថាជា គ្រោះមហន្តរាយ ដែលនឹងរីករាលដាល មិនអាចជៀសផុតនៅគ្រប់ទីកន្លែងក្នុងសហភាពអឺរ៉ុប ។ សហភាពអឺរ៉ុបទាំងមូលគឺជាគោលដៅរបស់រុស្ស៊ី ៕