បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការចរចាស្វែងរកសន្តិភាពបានបញ្ចប់ហើយ ដោយប្រើការអត្ថាធិប្បាយជាសាធារណៈដំបូងរបស់លោក ស្ដីពីជម្លោះក្នុងរយៈពេលជាង១សប្ដាហ៍ក្នុងការប្ដេជ្ញាថាទាហានរបស់លោកនឹងឈ្នះនិងដាក់គោលដៅលើបណ្ដាប្រទេសលោកខាងលិចចំពោះការបរាជ័យដែលចង់ឲ្យទីក្រុងម៉ូស្គូ លុតជង្គង់ ។
ថ្លែងពីសង្រ្គាមជាសាធារណៈជាលើកដំបូងចាប់តាំងពីកងកម្លាំងរុស្ស៊ីបានដកថយពីភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីពួកគេត្រូវបានផ្អាកការវាយប្រយុទ្ធនៅក្បែររដ្ឋធានីគីវ លោក Putin បានសន្យាថា រុស្ស៊ីនឹងសម្រេចបានគោលដៅទាំងអស់ដែលខ្លួនបានប៉ងប្រាថ្នានៅក្នុងប្រទេសអ៊ុយក្រែន ។
នៅក្នុងសញ្ញាដ៏ច្បាស់លាស់បំផុតរហូតមកដល់បច្ចុប្បន្នដែលមើលឃើញថាសង្រ្គាមនឹងអូសបន្លាយកាន់តែយូរទៀត លោក Putin បាននិយាយថា រដ្ឋធានីគីវ បានធ្វើឲ្យការចរចាសន្តិភាពបរាជ័យដោយបង្កើតឈុតឆាកជាអ្វីដែលលោកបានហៅថាជាការអះអាងក្លែងក្លាយនៃឧក្រិដ្ឋកម្មសង្គ្រាមទៅលើរុស្ស៊ី និងទាមទារធានាសន្តិសុខលើប្រទេសអ៊ុយក្រែនទាំងមូល ។
លោក Putin និយាយថាប្រទេសរុស្ស៊ីគ្មានជម្រើសក្រៅពីប្រយុទ្ធទេ ព្រោះខ្លួនត្រូវតែការពារប្រជាពលរដ្ឋនិយាយភាសារុស្ស៊ី ក្នុងភាគខាងកើតអ៊ុយក្រែន និងទប់ស្កាត់ប្រទេសជិតខាងរបស់អតីតសូវៀតមួយនេះ កុំឲ្យក្លាយជារបាំងប្រឆាំងរុស្ស៊ីចំពោះសត្រូវទាំងឡាយរបស់ក្រុងម៉ូស្គូ ។
លោក Putin បានបង្ហាញពិភពលោកពីឆន្ទៈប្រទេសរបស់លោកក្នុងការធ្វើសហប្រតិបត្តិការជាមួយដៃគូទាំងអស់ និងអះអាងថារុស្ស៊ី នឹងគ្មានថ្ងៃធ្លាក់ចូលក្នុងភាពឯកោឡើយ នៅក្នុងការសន្ទនារបស់លោកជាមួយក្រុមកម្មករនៅមូលដ្ឋានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី ។
លោកថាយើងនឹងមិនឯកាទេ ។ ជាទូទៅ វាពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ឯការនៅក្នុងពិភពលោកដ៏ទំនើបនេះទេ វាពិតជាមិនអាចធ្វើឲ្យប្រទេសធំដូចជាប្រទេសរុស្ស៊ីឯកាឡើយ។ លោកប្រធានាធិបតីរូបនេះបានថ្លែងបែបនេះអំឡុងចុះពិនិត្យមូលដ្ឋានបាញ់បង្ហោះយានអវកាសក្នុងតំបន់ Amur របស់រុស្ស៊ី ជាមួយសមភាគីបេឡារុស លោក Alexander Lukashenko ។
លោក Putin បានរម្លឹកថា កាលពីអំឡុងឆ្នាំ១៩៦១ អតីតសហភាពសូវៀត ពិតជាឯកាពីទស្សនបច្ចេកវិទ្យា ហើយទណ្ឌកម្មលោកខាងលិចបានប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍន៍ ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការលំបាក និងការព្យាយាមរារាំងការអភិវឌ្ឍន៍របស់ប្រទេសពីបរទេសក៏ដោយ ក៏រុស្ស៊ីនឹងអនុវត្តផែនការដែលបានគ្រោងទុកទាំងអស់នៅក្នុងវិស័យអវកាសជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីជំនួសអ្វីដែលបានទិញពីកន្លងទៅដោយប្រើប្រាក់ចំណេញពីការលក់ប្រេង និងឧស្ម័ន ។
លោកបន្តថា គ្មានការសង្ស័យទេថា ទីក្រុងម៉ូស្គូ នឹងសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានការពារបំណងប្រាថ្នាបង្កឲ្យមានការវាយប្រហារ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកថ្កោលទោសថាជារឿងដ៏រន្ធត់ ។ រុស្ស៊ីបានស្ដីបន្ទោស អ៊ុយក្រែនថាជាដើមហេតុធ្វើឲ្យការចរចាសន្តិភាពត្រូវបានជាប់គាំង។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា សង្គ្រាមមានអាយុកាល៧សប្ដាហ៍កន្លងមកនេះអាចកំពុងបោះជំហានទៅកាន់ដំណាក់កាលថ្មីនៃភាពភ័យខ្លាចសម្រាប់ប្រទេសរបស់លោកដែលក្លាយជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក និងបានចោទប្រកាន់រុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមជាថ្មីទៀត ។
ក្រុមមន្ត្រីយោធាលោកខាងលិច និងអ៊ុយក្រែន កំពុងព្យាយាមបញ្ជាក់ថាតើរុស្ស៊ីបានប្រើ ឬមានបំណងប្រើប្រាស់អាវុធគីមីជាជម្រើសចុងក្រោយដើម្បីដណ្ដើមកាន់កាប់ ទីក្រុងMariupol ឬយ៉ាងណា ។ មេដឹកនាំផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី ដែលកន្លងមកបានគំរាមប្រើប្រាស់អាវុធគីមី បានបដិសេធកាលពីថ្ងៃអង្គារដែលថាគ្រាប់បែកប្រភេទនេះត្រូវបានដាក់ពង្រាយនោះទេ ។
ដោយឡែក អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ការវាយប្រហារដោយគ្រាប់បែក នៅតែបន្តពីសំណាក់យោធារុស្ស៊ីទៅលើអគារលំនៅឋានអ្នកស្រុក ក្នុងទីក្រុង Kharkiv ។
អគារផ្ទះល្វែង សរុបចំនួន ១.៦១៧ ខ្នង ត្រូវបានបំផ្លាញ ចាប់តាំងពីសង្រ្គាមចាប់ផ្ដើមផ្ទុះកាលពីថ្ងៃទី២៤កុម្ភៈ ។
អភិបាលក្រុងរូបនេះបន្ថែមទៀតថា ការទម្លាក់គ្រាប់បែកនៅតែបន្តកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ កាលពីល្ងាចថ្ងៃអាទិត្យ សត្រូវ បានបាញ់មីស៊ីលតម្រង់គោលដៅ ។ ប្រជាពលរដ្ឋរងទុក ខណៈមានទាំងអ្នកស្លាប់ និងរបួស ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង Kharkiv កំពុងត្រូវបានបំផ្លិចបំផ្លាញ ។
លោកថាប្រទេសអ៊ុយក្រែនក៏ត្រូវការអាវុធ ការគាំទ្រខាងនយោបាយ និងជំនួយមនុស្សធម៌ ជាចាំបាច់ផងដែរ ពីសម្ព័ន្ធមិត្តរបស់ខ្លួន។
ទីក្រុងមួយនេះ បានទទួលជំនួយជាសម្ភារ និងផលិតផលផ្សេងៗ ថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់ ប៉ុន្តែមិនបានផ្ដល់ឲ្យប្រជាពលរដ្ឋភ្លាមៗបានទេ ៕