ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់លើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង ឆេះភ្លឺពេញមេឃ

ព្រៃវែង៖ រថយន្តដឹកទំនិញធុនធំរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មួយគ្រឿង នាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានក្រឡាប់ និងឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិ៨ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបង្កឲ្យមនុស្សប្រាំពីរនាក់រងរបួស។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាប្រហែលម៉ោង៣ ទៀបភ្លឺ នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ ដោយសាររថយន្តនេះបែកកង់ និងក្រឡាប់លើទ្រូងផ្លូវបណ្តាលឲ្យឆេះខូចខាតយ៉ាងធ្ងន់ធ្ងរ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តប្រភេទដឹកអ្នកដំណើរធុនធំ ប៉ុន្តែក្រុមហ៊ុន វីរៈប៊ុនថាំ ប្រើប្រាស់សម្រាប់ដឹកមនុស្សផង និងដឹកទំនិញធុនធ្ងន់ផង គឺមានស្លាកលេខភ្នំពេញ 3D.8981 ចេញដំណើរពីភ្នំពេញ ផ្ទុកពេញដោយអីវ៉ាន់បញ្ញើ និងម៉ូតូបួនគ្រឿង ហើយមានមនុស្សប្រាំពីរនាក់នៅលើរថយន្តនេះ។

ក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យ បានបាញ់ទឹកអស់ចំនួនបួនរថយន្ត មកពីស្រុកស្វាយអន្ទរពីរគ្រឿង និងស្រុកកំចាយមារពីរគ្រឿង ដើម្បីជួយពន្លត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅនេះ ប៉ុន្តែហាក់ដូចជាមិនសូវទទួលបានជោគជ័យប៉ុន្មានទេ ដែលរហូតដល់ព្រឹកព្រលឹមថ្ងៃដដែល នៅតែមានផ្សែងហុយនៅឡើយ។

សូមរំឭកថា ករណីជួបគ្រោះថ្នាក់ចរាចរណ៍ ឬបង្កគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយក្រុមរថយន្តដឹកអ្នកដំណើរ និងដឹកទំនិញផ្សេងៗ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានកើតឡើងជាហូរហែ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ជាបន្តបន្ទាប់ រហូតធ្វើឲ្យមហាជនរិះគន់ម្ចាស់ក្រុមហ៊ុនថា ហាក់ដូចជាពុំសូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពលើដងផ្លូវសោះ។

មហាជននៅចាំបានថា កាលពីវេលាម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នៅជិតគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញរថយន្តអស់២៣គ្រឿង និងឆក់យកជីវិតមនុស្សម្នាក់ ព្រមទាំងធ្វើឲ្យក្រុមហ៊ុនខាងបង់ជាទឹកជាង១,៥លានដុល្លារ ដោយបណ្តាលមកពីឆ្លងចរន្តរអគ្គិសនី។

លោក ស៊ួ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ​ ដែលរកស៊ីដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ នៅទូទាំងប្រទេសកម្ពុជា មិនអាចសុំការបកស្រាយជុំវិញបញ្ហាកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពីវិធានការពង្រឹងសុវត្ថិភាពឡើយ។

ក្នុងខែនេះដែរ លើផ្លូវជាតិ៦ នៅភូមិគិរីសុខសាន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ រថយន្តប្រភេទដឹកអ្នកដំណើរធុនធំ ប៉ុន្តែក្រុមហ៊ុន វីរៈប៊ុនថាំ ប្រើប្រាស់សម្រាប់ដឹកមនុស្សផង និងដឹកទំនិញធុនធ្ងន់ផង ស្ថិតក្នុងល្បឿនលឿន បានបុកគោយន្តដឹកឈើមួយគ្រឿង បណ្តាលឲ្យក្រឡាប់បោកផ្ទប់ប៉ះរថយន្តពីរគ្រឿងផ្សេងទៀត ដែលចតនៅស្ងៀមមុខប៉ុស្តិ៍នគរបាលឃុំ។

មន្ត្រីនគរបាលមូលដ្ឋាន បានរាយការណ៍ថា រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-4332 បើកបរចេញពីភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងទិសដៅទៅកាន់ភ្នំពេញ បានបុកគោយន្តដឹកឈើ កំពុងឈប់ស្ងៀម នៅមុខប៉ុស្តិ៍នគរបាលឃុំកកោះ បណ្តាលឲ្យក្រឡាប់បោកផ្ទប់ប៉ះរថយន្តហ្វ័ត របស់មេស្នាក់ការកងរាជអាវុធហត្ថ និងប៉ះរថយន្ដកាមមួយគ្រឿងទៀត ឲ្យខូចខាតយ៉ាងដំណំ។

លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២២-២២៣ ក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង នាវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រថយន្តប្រភេទស្រដៀងនឹងរថយន្តខាងលើនេះ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​វីរៈប៊ុនថាំ បានបុកបុរសម្នាក់ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

រថយន្តនេះពាក់ស្លាកលេខ ភ្នំពេញ 3A-8826 ធ្វើដំណើរចេញពីខេត្តបាត់ដំបង ទៅភ្នំពេញ រីឯអ្នកបើកបរ គេចខ្លួនបាត់ មិនទទួលខុសត្រូវចំពោះករណីបុកមនុស្សស្លាប់មួយរំពេចនេះឡើយ។

នៅចំណុចស្ពានទី២ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ រថយន្តដឹកអ្នកដំណើរប្រភេទពីរជាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរក្រឡាប់ធ្លាក់ប្រឡាយ ខណៈដឹកអ្នកដំណើររាប់សិបនាក់ ចេញពីភ្នំពេញ ទៅខេត្តរតនគិរី។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់មន្ត្រីនគរបាលចរាចរណ៍ខេត្តថា រថយន្តដឹកអ្នកដំណើរប្រភេទពីរជាន់នេះ មកដល់ចំណតក្រុមហ៊ុន នៅខេត្តមណ្ឌលគិរី ក៏បានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនគិរី ក្នុងល្បឿនលឿន ដូច្នេះការធ្វើដំណើរបានត្រឹមបីគីឡូម៉ែត្រ គឺដល់ចំណោតកែងក៏ក្រឡាប់ធ្លាក់ប្រឡាយតែម្តង បង្កឲ្យអ្នកដំណើររបួសរណូករណែល ដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

នៅក្នុងហេតុការណ៍ដ៏អាក្រក់ធ្វើឲ្យក្រុមហ៊ុនខាងបង់ប្រាក់យ៉ាងច្រើន ដោយសារអគ្គីភ័យនៅក្នុងចំណតរថយន្ត លោក ស៊ួ វីរៈ បានសរសេរសារយ៉ាងខ្លី នៅលើហ្វេសបុករបស់លោក នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា «ទោះជាអគ្គិភ័យបានលេបត្របាក់អស់រថយន្តជាច្រើនគ្រឿងយ៉ាងនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់ហើយ និងក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ ពោលគឺគ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់»៕