ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ:លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវជំហរក្នុងការគាំទ្រ និងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែបានសម្តែងនូវការខកចិត្តចំពោះប្រទេសមួយចំនួនដែលអនុវត្តគោលការណ៍ស្តង់ដារពីរ ចំពោះសេរីភាពសារព័ត៌មាន។

ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា“ក្រសួងព័ត៌មាន បាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ការលើកកម្ពស់សេរីភាពនេះក៏ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលនៅពាសពេញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួន ដោយការយល់ដឹងច្បាស់។
លោករដ្ឋមន្រ្តីថ្លែងថា”ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាជនរួមជាតិទាំងអស់មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស នឹងបន្តខិតខំគាំទ្រគោលការណ៍សេរីភាពនៃការបញ្ចេញមតិ រួមទាំងគោលការណ៍នៃសេរីភាពសារព័ត៌មាននេះ ឱ្យបានល្អជាទូទៅទាំងអស់គ្នា”។

លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការខកចិត្តក្នុងការវិវត្តនៃព្រឹត្តិការណ៍ថ្មីៗនេះ ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលយើងសង្កេតឃើញថាមាននិន្នាការក្នុងការលុបបំបាត់ស្ថានីយផ្សាយនេះ ស្ថានីយផ្សាយនោះ ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលជាការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍នៃសេរីភាពសារព័ត៌មាន។

បន្ថែមពីលើនេះ លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប។