ភ្នំពេញ ៖ រយៈពេលជិត ១ទស្សវត្តរ៍ចុងក្រោយនេះ សង្កាត់បឹងកេងកង១ ជាសង្កាត់មួយមានភាពលេចធ្លោ និងមានសកម្មភាពមមាញឹកផ្នែក ពាណិជ្ជកម្ម គម្រោងខុនដូធំៗ បានរីកដូចផ្សឹតតែម្តង។
ដើមឡើយគ្រាន់តែជាដីបឹងមួយក្នុងចំណោមបឹងជាច្រើនទៀតនៅរាជធានីភ្នំពេញ និងមានផ្ទះឈើ ប៉ុន្តែរហូតមកដល់សម័យសង្គមរាស្រ្តនិយម ទើបតំបន់នេះត្រូវបានគេលុបចោលទាំងស្រុង ។
លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង១ បានលើកឡើងថា សង្កាត់បឹងកេងកង១ បានបង្កើតជាសង្កាត់នៅឆ្នាំ១៩៨៥ ជាផ្ទះថ្មបាក់បែក និងមានផ្លូវដីហុយពិបាកធ្វើចរាចរណ៍ ក្រោយមកសាលាខណ្ឌបានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំរហូតសព្វថ្ងៃបានក្លាយជាតំបន់មួយមានដីឡើងថ្លៃ។
លោកស្រីបានបន្តទៀតថា ការរីកចម្រើនសង្កាត់បឹងកេងកង១ ធ្វើឲ្យតម្លៃដីមានហាងឆេងនោះគឺនៅឆ្នាំ១៩៩១ ខណៈដែលសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋយាងចូលប្រទេសកម្ពុជាវិញ រហូតដល់មានការបោះឆ្នោតជាតិឆ្នាំ១៩៩៣ មកសម្បូរដោយផ្ទះថ្នាក់ដឹកនាំ និងលំនៅឋានរបស់ជនបរទេស និងជាផ្ទះជួលរបស់អង្គការក្រៅរដ្ឋាភិបាល ។
លោកស្រីបញ្ជាក់ថា«តម្លៃដីនៅតំបន់នេះបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ បើធៀបនិងតំបន់ផ្សេងៗទៀតនៅរាជធានីភ្នំពេញ និងមានក្រុមហ៊ុនធំៗ ពីក្រៅប្រទេសមកសង់អគារខុនដូ ហាងទំនើបមានម៉ាកយីហោល្បីៗពីក្រៅប្រទេស»។
សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកេងកង១ បាននិយាយថា ដើមឡើងតំបន់បឹងកេងកង១ នេះជាតំបន់មួយមានភាពស្ងប់ស្ងាត់ និងពេលភ្លៀងច្រើនទឹកលិចក៏មានដែរ ប៉ុន្តែនៅឆ្នាំ២០១៦ នេះមានផ្លូវស្អាត និងមានសំណង់អគារ ខុនដូរីកដួចផ្សឹត។
ស្រ្តីវ័យវ័យ ៦១ ឆ្នាំម្នាក់បានបញ្ជាក់ទៀតថា កាលពី ១៥ឆ្នាំមុន តំបន់នេះស្ងាត់និងមិនសូវមានសន្តិសុខល្អទេ តែពេលនេះបានក្លាយជាតំបន់រីកចម្រើនទៅវិញ»។
មន្រ្តីសាលាខណ្ឌចំការមនបានលើកឡើងថា ទីតាំងនៅសង្កាត់បឹងកេងកង១ ជាប្រភេទដីឡូត៍ និងជាភូមិគ្រឹះមានទីផ្សារខ្ពស់ ហើយស្រូបអ្នកវិនិយោគច្រើនសម្រុកមកទីនេះ ចាប់ពីឆ្នាំ២០០៧ ដែលមានអគារខ្ពស់ជាងគេនៅម្តុំពេទ្យចិនគឺអគារ ៤២ជាន់។
លោកបានបញ្ជាក់ទៀតថា ក្នុងសង្កាត់បឹងកេងកង១ ខុនដូមានមិនក្រោមជាង៥០ អគារនោះទេ ដែលភាគច្រើន ៧០% ជាវិនិយោគិនខ្មែរមកវិនិយោគ និងទើបតែចុងក្រោយនេះទេមានក្រុមហ៊ុនចិននាំចូលសម្ភារៈសំណង់។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPLបានពន្យល់ថា មូលហេតុដែលតំបន់បឹងកេងកង១ ជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគនោះ ដោយសារតែតំបន់នេះមានសាលាអន្តរជាតិ និងអង្គការជាច្រើនប្រមូលផ្តុំគ្នាធ្វើឲ្យមានតម្រូវការខ្ពស់ ដែលជាតំបន់មានសុវត្ថិភាពក៏ដូចជាមានសក្តានុពលសម្រាប់អ្នកវិនិយោគ។
លោកឧកញ៉ាបានអះអាងថា សក្តានុពលតំបន់នេះកើតមានយូរមកហើយ ដែលជម្រុញឲ្យតម្លៃដីធ្លីហក់ឡើងលឿន និងមានតម្រូវការជួលឬលក់បានកើនឡើងធ្វើឲ្យមានចលនាទិញនិងជួលបានផលចំនេញកាន់តែច្រើន។
សូមបញ្ជាក់ថា សង្កាត់បឹងកេងកេង១ បង្កើតឡើងនៅឆ្នាំ១៩៨៥ មានផ្ទៃដីចំនួន ៩២៥ ៥៦០ ម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋសរុប ១៧០០គ្រូសារ និងបច្ចុប្បន្ននេះមានប្រជាពលរដ្ឋត្រឹមតែ ៩៧៦គ្រួសារប៉ុណ្ណោះ។ ដើមឡើយតំបន់នេះ មានផ្ទះថ្មបាក់បែក និងគ្មានបណ្តាញលូ ជាផ្លូវលេចទឹក ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ និងប្រកបរបររកស៊ីទទួលទាន។
បើគិតត្រឹមឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាតិអាណត្តិទី១ សង្កាត់បឹងកេងកង១ បានប្រែក្លាយជាតំបន់មួយមានសក្តានុពលជាបន្តបន្ទាប់ ដែលរហូតមកដល់ឆ្នាំ២០០៧ ទើបធ្វើឲ្យតម្លៃដីតំបន់នោះបានឡើងថ្លៃ និងមានក្រុមហ៊ុនវិនិយោគធំៗ បានហក់ចូលវិនិយោគនូវគម្រោងជាច្រើន និងបានរីកដូចផ្សឹត។
បច្ចុប្បន្ននេះនេះ សង្កាត់បឹងកេងកង១ មានខុនដូចំនួន ៣៥ កន្លែង សណ្ឋាគារចំនួន ១៣កន្លែង និង៨ កន្លែងបន្ថែមទៀតកំពុងដំណើរការសាងសង់។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបានចាត់ទុកថា តំបន់បឹងកេងកេង១ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៍សំខាន់មួយនៅរាជធានីភ្នំពេញ និងជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគផងដែរ៕