ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

 

ភ្នំពេញ ៖  លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងការអនុវត្តច្បាប់បទបញ្ជាជាធរមានរបស់រាជរដ្ឋាភិបាលស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងជួយប្រជាពលរដ្ឋពេលជួបការលំបាកផ្សេងៗ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពីនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល និងបានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រជាពិសេស គឺការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងសន្តិភាព ធ្វើឱ្យប្រទេសមានរបៀបរៀបរយក្លាយជាប្រទេសនីតិរដ្ឋ។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង លើកកម្ពស់ស្មារតីសហការ ដើម្បីសេចក្តីសុខ សណ្តាប់ធ្នាប់ល្អ ប្រជាពលរដ្ឋរស់នៅគ្មានការភ័យខ្លាច គ្មានបទល្មើសទាំងអស់នេះគឺជាគោលដៅដែលអាវុធហត្ថចង់បាន​។

កងរាជអាវុធហត្ថត្រូវគោរពច្បាប់លក្ខន្តិកៈបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទការអនុវត្តតួនាទីភារកិច្ច ក្នុងនោះផងដែរអាវុធហត្ថត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននៅឧបាយកលលាបពណ៌ និងយុទ្ធសាស្ត្រតាក់តែងបំបែកបំបាក់របស់មជ្ឈដ្ឋានប្រឆាំងអគតិនិងត្រូវតាមដាននៅសកម្មភាពបើសកម្មភាពណាដែលបំពានច្បាប់ត្រូវតែបង្ក្រាបភ្លាមៗនិងបន្តការងារអប់រំជាប្រចាំដើម្បីកសាងមនសិការស្នេហាជាតិស្រឡាញ់ជាតិគោរពច្បាប់រដ្ឋធម្មនុញ្ញការពារប្រជាពលរដ្ឋ ការពារទឹកដីការពារអំណាចរដ្ឋ ដែលកើតចេញពីការបោះឆ្នោត៕