កម្ពុជាស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈអនុសារណៈដែលបានព្រមព្រៀងគ្នានាពេលកន្លងមក។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីកម្ពុជាតាមរយៈកូតាដែលបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន COFCO កាលពីដើមឆ្នាំ២០១៨នេះ
លោកបានថ្លែងទៀតថា ការស្នើសុំនេះ បន្ទាប់ពីបានបញ្ចប់ភារកិច្ចចូលរួមអមដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមបើកកម្មវិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥។
លោកបានបន្ថែមថា ជាលទ្ធផលនៃជំនួបពិភាក្សានេះ ខាងក្រុមហ៊ុន COFCO យល់ព្រមនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពិសេសសមាជិកក្រុមហ៊ុននាំចេញទាំងអស់ដើម្បីបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា និងគាំទ្រលើការផ្សព្វផ្សាយពីម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ» នៅលើទីផ្សារប្រទេសចិន ដោយនឹងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
សម្រាប់ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE(Cambodia) Co.,Ltd បានលើកឡើងថា បញ្ហាប្រកួតប្រជែងនេះបើសិនជារដ្ឋាភិបាលអាចធ្វើបានគឺអាចកាត់បន្ថយវាតែម្តងទៅ ហើយបញ្ហាប្រឈមរបស់ផលិតកម្មស្រូវរបស់កសិករគឺ ការផលិតខ្វះពូជ ដើមទុនដើម្បីស្តុកទុកស្រូវឲ្យបានយូរ និងខ្វះប្រព័ន្ធធារាសាស្រ្ត ដែលជាបញ្ហានៅឡើយ។
លោកបានបន្ថែមទៀតថា បញ្ហាសំខាន់របស់ក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវខ្វះទុនបង្វឹលហើយបណ្តាប្រទេសនាំចេញស្រូវអង្ករមានវៀតណាម និងថៃ ទុនបង្វឹលគេមិនពិបាកទេ ដោយសារតែរដ្ឋាភិបាលគេជាអ្នកចាត់ចែងទាំងស្រុងតែម្តង។
ទិន្នន័យចុងក្រោយក្នុងឆ្នាំ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា៤៣% នៃបរិមាណនាំចេញសរុប ស្របពេលទីផ្សារចិនកំពុងប្រជែងក្នុងល្បឿនយ៉ាងរហ័សក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំណែក៣៤%នៃការនាំចេញសរុប៕