(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប )។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោកដែលគ្របដណ្តប់លើ៖(១)ប្រជាជនប្រមាណ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក។
ទី(២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលាន ដុល្លារអាមេរិកឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣)ទំហំពាណិជ្ជកម្មចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។
ក្នុងឱកាសដែលកម្ពុជាជាសមាជិកកិច្ចព្រមព្រៀងអាសិបនេះ គឺជាមោទនភាពរបស់កម្ពុជាហើយដើម្បីអាចអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងទាញប្រយោជន៍ឱ្យបានជាអតិបរមា គឺទាមទារឱ្យមានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល និងវិស័យឯកជន។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងអាសិបនេះ ក៏ជាផ្នែកមួយនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា (Priorty Economic Deliverable) ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។
អង្គប្រជុំទាំងមូលបានឯកភាព និងជំរុញការអនុវត្តកិច្ចព្រមព្រៀងអាសិប ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីទាញយកឱ្យបាននូវប្រយោជន៍ជាអតិបរមា។