ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសំណេះសំណាលជាមួយប្រតិភូសាខាក្រុមហ៊ុន សាមសុង ថៃឡង់ដ៍

(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា កាលពី​សៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា។
លោក​​រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា​-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
លោក​រដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
លោក Sangho JO បានបង្ហាញនូវក្តីរំភើប និងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងបានជម្រាប ឯកឧត្តមរដ្ឋមន្រ្តី ពីប្រវត្តិសង្ខេប និងសកម្មភាពធុរកិច្ច​របស់ក្រុមហ៊ុន Samsung កម្ពុជា ថា ក្រុមហ៊ុននេះ គឺជាសាខារបស់ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក (Branch of Thai Samsung Electronics of Cambodia) បានចុះបញ្ជីធ្វើធុរកិច្ចនៅកម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ ស្លាក​យីហោ Samsung និងផលិតផលរបស់ក្រុមហ៊ុន​នៅទីផ្សារកម្ពុជា។ ក្រុមហ៊ុន ​បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម​នៅកម្ពុជា ក្នុងឆ្នាំ២០១២​ ​និងផ្តល់ការងារដល់និយោជិកជាជនជាតិខ្មែរ ជាច្រើនផងដែរ។
លោកអគ្គនាយកបន្តថា​ ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក ក៏បានចូលរួមសហការជាមួយក្រសួង-ស្ថាប័នជាតិ ពាក់ព័ន្ធផ្សព្វផ្សាយផលិតផល តាមរយៈការចូលរួម​ព្រឹត្តិការណ៍ពិព័រណ៍នានា និងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា៖ ការគាំទ្រដល់ការសិក្សារបស់កុមារក្រីក្រ កសាងបណ្ណាល័យតាមសាលារៀន ផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាតរយៈពេលវែងដល់សាលារៀននៅតាមជនបទ គាំទ្រដល់កីឡាការ៉ាតេដូនិងសកម្មភាពសិល្បៈរបស់និស្សិតក្រីក្រកម្ពុជា ផងដែរ។
លោកអគ្គនាយកបន្ថែមថា ក្នុងជំហាន​បន្ទាប់ ក្រុមហ៊ុន នឹងមានកម្មវិធី Samsung Innovative Campus ដែលនឹងដាក់ឱ្យដំណើរការនៅក្នុង​​បរិវេណសាកលវិទ្យាល័យសាលាភូមិន្ទ​ភ្នំពេញ ផងដែរ។
លោក​រដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងពិធីសម្ពោធ Samsung Innovative Campus នាពេលខាងមុខ និងបាន​ស្នើសុំ លោក​​រដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់បេក្ខភាពទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភព​លោក ឆ្នាំ២០៣០ ខាងមុខ ផងដែរ។
លោក​រដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់ភាគីកម្ពុជា​ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងបានស្នើសុំភាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាធ្វើសច្ចាប័នដើម្បីឱ្យបានឆាប់ដើម្បីផលប្រយោជន៍រួម។​ បន្ថែមពីនេះលោក​​រដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាក្នុងការគាំទ្របេក្ខភាពទីក្រុង​ប៊ូសាន ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នាពេលខាងមុខ៕