ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកភាពគ្នាប្រគល់ដីឲ្យភាគីអ្នកទិញ ដើម្បីបញ្ចប់ទំនាស់ ដណ្ដើមសិទ្ធិគ្នាកាន់កាប់

បាត់ដំបង៖ ប្រជាពលរដ្ឋប្រាំបួនគ្រួសារ នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីម្សិលមិញ បានឯកភាពគ្នាប្រគល់៣០ហិកតា មកឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិគ្នាកាន់កាប់ដី ដែលបានអូសបន្លាយជាច្រើនឆ្នាំ។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមន្ត្ត្រីអាជ្ញាធរមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងអតីតយោធិន នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។

តំណាងភាគីអតីតយុទ្ធជន បានមានប្រសាសន៍ថា ភាគីតំណាងយោធិនទាំងប្រាំបួនគ្រួសារ បានសម្តែងការសប្បាយរីករាយចំពោះដំណោះស្រាយ
ស្រមតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកមេភូមិព្រៃទទឹង និងលោកមេឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចសន្យាសះជា និងបញ្ចប់វិវាទ ហើយបានដឹកនាំក្រុមការងារទៅពិនិត្យ និងវាស់វែង ដល់ទីតាំងជាក់ស្តែងតែម្តង។

អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ដោយមានការចូលរួមពីភាគីតំណាងក្រុមហ៊ុនម្ចាស់ដី និងតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចូលកាន់កាប់ដីនៅក្នុងចំណុចមានវិវាទនេះ។

នៅកិច្ចប្រជុំនោះ មានការចូលរួមពីភាគីតំណាងក្រុមហ៊ុន ជាអ្នកទិញដី ភាគីតំណាងប្រជាពលរដ្ឋ១១គ្រួសារ ដើម្បីពិភាក្សារកដំណោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ ដែលលោកអភិបាលស្រុកគាស់ក្រឡពេញចិត្ត។

ក្រោយប្រជុំចប់ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «២៧/០៧/២០២២ ស្រុកគាស់ក្រឡករណីវិវាទដីធ្លីដ៏រាំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោយពីមានការសម្របសម្រួលរបស់ក្រុមការងារ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យមានលទ្ធផលផ្លែផ្កាល្អប្រសើ ឈានទៅរកការបញ្ចប់វិវាទនៅពេលខាងមុខេ»។

យោងតាមឯកសារជាច្រើនបានឲ្យដឹងថា ដីរបស់ក្រុមហ៊ុន អេហ្រ្វីខ័ល់ឈ័រ ហ្រ្គីន ហ្វៀល ដែលមានទំហំជាង៤ពាន់ហិកតា គឺបានទិញដោយចំណាយប្រាក់យ៉ាងច្រើន និងមានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។

ប៉ុន្តែក្រោយមកស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបង ចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។ ក្នុងនោះគេសង្កេតឃើញទៀតថា មានបុគ្គលម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធាម្នាក់ និងបុគ្គលមួយចំនួនទៀត បានយកដីរបស់ក្រុមហ៊ុនលក់ទៅឲ្យពលរដ្ឋយ៉ាងអាណាធិបតេយ្យ រហូតមកដល់បច្ចុប្បន្ន ដោយមិនខ្លាចរអា ឬញញើតនឹងដីកាចាត់ចែងរក្សាការពាររបស់តុលាកាតបាត់ដំបងឡើយ។

ក្នុងករណីរំលោភលើដីឯកជននេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានសមាគមសារព័ត៌មានអេឡិចត្រនិច អឹម អេស ជេ តំណាងឲ្យក្រុមហ៊ុនអេហ្រ្វីខាល់ឈ័រហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងស្នើសុំកំណត់ព្រំរវាងដីសម្បទានសង្គមកិច្ច និងដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីការពារមិនឲ្យជនខិលខូចទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់។

ឯកឧត្តមបណ្ឌិតសំណូមពរឲ្យអាជ្ញាធរស្រុកគាស់ក្រឡគួរទប់ស្កាត់ក្រុមខិលខូច កុំឲ្យប្រើគ្រឿងចក្រឈួសឆាយ ឬសាងសង់លំនៅឋានបំពានលើដីរបស់ក្រុមហ៊ុនទៀត ក្នុងករណីទំនាស់ដីធ្លីនេះ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ជូនលោកអភិបាលរងស្រុកទៀតថា «ខ្ញុំមកនេះ គឺគ្មានបំណងមករករឿងនោះទេ គឺខ្ញុំមកដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ព្រោះភាគីខាងណាដោយ ក៏ជាប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំចង់ឃើញភាគីទាំងសងខាង ទទួលបានលទ្ធផលឈ្នះៗ ដែលជាគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

បន្ទាប់មកទៀត លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈួសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់ ដែលរដ្ឋបាលស្រុកកំពុងតែស្វែងរកដំណោះស្រាយ។

ក្នុងពេលនោះ លោកអភិបាលរងស្រុក និងក្រុមការងារស្រុក បានបញ្ឈប់អ្នកបើកបរត្រាក់ទ័រមួយគ្រឿង ដែលកំពុងភ្ជួររាស់លើដីមិនទាន់ទទួលសិទ្ធិកាន់កាប់ពីរដ្ឋាបាលសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕