ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិស្វីសដែលបន្លំក្រដាសប្រាក់ដុល្លារក្លែងក្លាយនៅទូATM របស់ធនាគារABA

ភ្នំពេញ៖ ជនជាតិស្វីសដែលបន្លំក្រដាសប្រាក់ដុល្លារនៅក្នុងទូ ATM និងយកទៅបោកប្រាស់បុគ្គលិករបស់ធានាគារ ABA ក្នុងខណ្ឌដូនពេញ ត្រូវបានលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។

ការសម្រេចឃុំខ្លួនជនត្រូវចោទធ្វើឡើងបន្ទាប់ពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ HOFER PETER ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ 

សូមជម្រាបជូនថា ដោយផ្អែកតាមពាក្យបណ្តឹងរបស់តំណាងធនាគារ ABA ដោយមានភស្តុតាងកាមេរ៉ាវីដេអូផងនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួនជនត្រូវចោទកាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីយកក្រដាស ប្រាក់១០០ដុល្លារក្លែងក្លាយទៅបន្លំនៅក្នុងទូ ATM ក្នុងធនាគារ ABA មានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ្លូវ៥៣ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕