នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមជាមួយសម្ដេចក្រឡាហោម នាឱកាសនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។
អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។ អគារនេះមានទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ចំនួន ៣៣០ គ្រឿង ។
អគារនេះមានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អគ្គភាពឋានៈស្មើរចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិកាដ្ឋាន នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងនាយកដ្ឋានជំនាញចំនួន៤២ និងអាចផ្ទុកមនុស្សសរុបរហូតដល់ទៅ ៨.៥០០នាក់ ៕








