ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងឲ្យដឹងថា ទាក់ទងនឹងករណី បុគ្គលិកកាស៊ីណូ មួយកន្លែង នៅជ្រៃធំ ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យ។
សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុង ឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រុមការងារ ជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «ករណីបុគ្គលិកកាស៊ីណូមួយនៅជ្រៃធំ ខេត្តកណ្ដាល បានសម្រុករត់ចេញពីកាស៊ីណូនោះ អាជ្ញាធរឃាត់ខ្លួនបានបុគ្គលិក ម្នាក់ ជាជនជាតិវៀតណាម ប៉ុន្ដែមិនមានឯកសារស្នាក់នៅជាក់លាក់ នៅប្រទេសកម្ពុជានោះទេ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។
សម្ដេច បានបន្ដថា ករណីនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន មេការ កាស៊ីណូនេះ ម្នាក់ បន្ទាប់ពីបុគ្គលិក ជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែ ឲ្យពួកគេឡើយ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កាស៊ីណូនេះមិនទាន់មាន ច្បាប់ត្រឹមត្រូវ៕