ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកស្រី​ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធា​រណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកស្រី  អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី​ អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោកជំទាវ អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ៕