ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
សម្ដេច បានបន្តថាជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មុននឹងសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ បានបន្តពិភាក្សាលម្អិតលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់ដែលមាន៨ជំពូកនិង៥០មាត្រានេះ មានគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គលដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
សេចក្ដីព្រាងបានឱ្យដឹងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យា ព័ត៌មានដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យ ប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់កម្ពុជា៕