ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលបំពេញបេសកកម្ម និងទស្សនកិច្ចនៅក្រៅប្រទេស។
អញ្ជើញជូនដំណើរសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមសម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងអញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
ក្នុងឱកាសបំពេញបេសកកម្ម និងទស្សនកិច្ចនោះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមប្រធានគណៈកម្មការអឺរ៉ុប ឥស្សរជនជាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានា ក្រុមធុរជនអន្តរជាតិ ព្រមទាំងនិស្សិតខ្មែរសិក្សានៅបរទេសផងដែរ។
សូមបញ្ជាក់ថាប្រតិភូអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត៕















