ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ដើម្បីវាយតម្លៃស្ថានភាពជំនន់នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប និងមានវិធានការជាយុទ្ធសាស្រ្ត សម្រាប់បញ្ជៀសនូវការលិចលង់។
នៅក្នុងដំណើរអញ្ជើញពិនិត្យដល់ទីតាំងជាក់ស្តែង នាព្រឹកនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងពីរកន្លែងខុសគ្នា គឺនៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប និងបន្តចុះពិនិត្យនៅទីតាំងស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
គោលបំណងសំខាន់ៗក្នុងដំណើរអញ្ជើញពិនិត្យនេះ មានចំនួនពីរ៖
១- ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប ដែលជំនន់ទាំងពីរប្រភេទកើតឡើងដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយបរិមាណភ្លៀងធ្លាក់ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow )។
២- ត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតែកើតមានឡើងជាយថាហេតុ ។ ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះ ក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារ គ្រឿងចក្រ និងកម្លាំងមន្រ្តី ប្រចាំការនៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោក លឹម គានហោ ក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរ នូវប្រព័ន្ធធារាសាស្ត្រណា ដែលខូតខាតដោយជំនន់បន្ទាប់ពីទឹកចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាចធានាខ្ចប់ទុករក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ ៕