ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីរបស់ប្រទេស នូវ៉ែលហ្សេឡង់ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃពុធ ទី២៤ ខែមេសានេះថា ការវាយប្រហារភេរវកម្មសម្លាប់មនុស្ស៣២១នាក់នៅប្រទេសស្រីលង្កា មិនមានពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់នៅទីក្រុង Christchurch នូវ៉ែលហ្សេឡង់នោះទេ ។

សេចក្តីប្រកាសរបស់លោកស្រី Jacinda Ardern ត្រូវបានធ្វើឡើងក្រោយពីមានមតិមួយចំនួនបានលើកឡើងថា ការវាយប្រហារភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗនៅប្រទេសស្រីលង្កា គឺក្រុមភេរវជនមានចេតនាចង់សងសឹកចំពោះក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានបាញ់ប្រហារលើព្រះវិហារសាសនាអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅទីក្រុង Christchurch ប្រទេសនូវ៉ែលហ្សេឡង់ ដែលបានបណ្តាលឲ្យមនុស្ស៥០នាក់បានបាត់បង់ជីវិត ។

លោកស្រី Jacinda Ardern បានបញ្ជាក់ថា មន្ត្រីជំនាញផ្នែកស៊ើបអង្កេតនូវ៉ែលហ្សេឡង់ បានបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅប្រទេសស្រីលង្កា មិនមានជាប់ពាក់ព័ន្ធជាមួយការបាញ់ប្រហារសម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ ៕