ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

តាកែវ៖ កងកម្លាំងប្រដាប់អាវុធបួននាក់ កំពុងកាងបទល្មើសនេសាទខុសច្បាប់នៅតាមព្រំដែនទឹកកម្ពុជា-វៀតណាម ដោយតម្រូវឲ្យបង់ប្រាក់ដើម្បីចូលនេសាទដោយប្រើឧប្បករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សនារដូវបិទនេសាទនេះ។

ក្រុមមន្ត្រីកងរាជអាវុធហត្ថ ដែលកាងបទល្មើសនេសាទនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មានឈ្មោះ បូ និងឈ្មោះ ម៉េង មិនស្គាល់អង្គភាព, ឈ្មោះ សុខ លេះ ជាមន្ត្រីកងរាជអាវុធហត្ថ
ខេត្តតាកែវ និងឈ្មោះ រឹម មេបញ្ជាការនគរបាលការពារព្រំដែន កងអនុសេនាតូចទី១។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា មន្ត្រីទាំងបួននាក់ចេញមុខកាងដាច់សម្រាប់ប្រជានេសាទ ដែលបង់លុយឲ្យពួកខ្លួនតាមកំណត់។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រំដែនជាប់ប្រទេសវៀតណាម គឺស្រុកកោះអណ្តែត, ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងភូមិសាស្ត្រខេត្តតាកែវ សង្កេតឃើញមានបទល្មើសនេសាទយ៉ាងច្រើនមានទាំងជនជាតិវៀតណាមផងដែរ ដែលចូលមកនេសាទក្នុងដែនទឹករបស់កម្ពុជា។

ប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារបានរៀបរាប់ថា ដោយពួកគាត់គ្មានលទ្ធភាពបង់លុយឲ្យទៅក្រុមមន្ត្រីខិលខូចប៉ុន្មាននាក់នោះ និងអត់ខ្សែរផងនោះ អាចរាយសន្ទួចមងបានត្រឹម៤០ទៅ៥០ម៉ែត្រប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាពគ្រួសារ បើគេបង់លុយអាចបែងចែកគ្នាបោះបង្គោលដាក់ណរ៉ាវម្នាក់ៗរាប់រយម៉ែត្រពាសពេញផ្ទៃទឹកតែម្ដង។

ប្រជានេសាទដែលអាចប្រើប្រាស់ឧប្បករណ៍នេសាទបានស្រេចតែចិត្ត បានបង្ហើបថា ពួកគាត់បានបង់លុយឲ្យទៅឈ្មោះ សុខ លេះ ជាប៉េអឹមខេត្តតាកែវ និងបក្ខពួកជាទឹកប្រាក់ចំនួនមួយលានរៀល ក្នុងរដូវបិទនេសាទនេះ។

ពួកគាត់បាននិយាយថា ចំពោះអ្នកបង់ឲ្យមន្ត្រីដើម្បីកាង ពួកគាត់អាចនេសាទបានតាមចិត្តនោះមិនក្រោម៣០០នាក់ឡើយ។

ចំណែកជនជាតិវៀតណាមម្នាក់កំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់ក្នុងដែនទឹកកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គាត់អាចចូលមកនេសាទបានក្នុងដែនទឹកខ្មែរ គឺបានបង់លុយឲ្យឈ្មោះ សុខ លេះ ចំនួន៤០លានដុង ក្នុងមួយរដូវបិទនេសាទហើយទូកនេសាទវៀត ដែលចូលរាល់ថ្ងៃមានជាង ២០ទូក។

ដោយសារមានការឃុបឃិតគ្នាជាមួយមន្រ្តីឈរជើងតាមខ្សែបន្ទាត់ព្រំដែនទឹក ទើបជនជាតិវៀតណាមអាចចូលមកននេសាទជាទ្រង់ទ្រាយធំដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី, ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត នាពេលយប់ដល់ទាបភ្លឺទើបវិលចូលទៅវៀតណាមវិញ។

ក្រុមកងកម្លាំងប្រដាប់អាវុធមានយោធា និងប៉េអឹមដែលចេញមុខកាងទូកនេសាទពួកគេ បានប្រមូលលុយពីអ្នកនេសាទទាំងជនជាតិវៀតណាម និងខ្មែរមកបង់ឲ្យមន្ត្រីជំនាញជលផល និងថ្នាក់ដឹកនាំពាក់ព័ន្ធនៅក្នុងខេត្តតាកែវទាំងមូលតែម្ដង។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានមិនសុំការបកស្រាយពីមន្ត្រី ដែលរងការចោទ និងអាជ្ញាធរពាក់ព័ន្ធបានឡើយ៕