ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទំាងពីរឲ្យរីកចម្រើនឡើង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី៥ ខែតុលាឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបានិងគណៈប្រតិភូចូលជូបសម្តែងការគួរសមនៅពេលដែលលោក​​បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។
សម្តេចបានចាត់ទុកវត្តមានរបស់ នាយករដ្ឋមន្រ្តីនៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀតស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ។
ជាមួយគ្នានេះសម្តេចបានស្នើលោក​នាយករដ្ឋមន្រ្តីជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការវិនិយោគរវាងប្រទេសទំាងពីរដែលនៅមានកម្រិតឲ្យមានការរីកចម្រើនប្រសើរឡើង។
នៅក្នុងឱកាសនោះ លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយសដល់លោក​​និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លោក​ អាននិងតាមដានពីវីរភាពរបស់សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះនិងកសាង អភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូតមក។
លោក​នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីពេលថ្មីៗនេះប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់លោក​មកកាន់កម្ពុជានាពេលនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគប្រទេសទំាងពីរនឹងមានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមបាន ពាំនាំនូវលិខិតអញ្ជើញរបស់ លោក​​ប្រធានរដ្ឋសភាគុយបា គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយប៉ា។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ទំនង ចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ហើយតែងជួយ ឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្ត គុយបា បានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ» ។
សម្តេចសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋគុយបា កាលពីសបា្តហ៍មុន ក្នុងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យប្រសើរឡើងថែមទៀត សំដៅរួមចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
សម្តេចអគ្គមហាពាញចក្រី ហេង សំរិន ទទួលយកការគោរព អញ្ជើញរបស់លោក​​ប្រធានរដ្ឋសភាគុយបា និងបានសន្យាថានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសគុយបា ក្នុងពេលសមស្របណាមួយ៕