ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
យោងតាមកម្មវិធី នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់ នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។
បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយលោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។
លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្ត្រាចារ្យ នៅសកលវិទ្យាល័យប៉េកាំង ហើយក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ ៕
