ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នករស់នៅ​ភូមិ​ស្រែ​ថ្មី​ ខេត្តកោះកុង បានស្នើអាជ្ញាធរខេត្តកុំរុះរើ​ផែ​ឈើ​ប្រវែង​ជិត៣០០ ​ម៉ែត្រ​ចេញ ដែលទើបនឹងសាងសង់ សម្រាប់ប្រយោជន៍ប្រជាជន

កោះកុង​៖ ប្រជាពលរដ្ឋ​ប្រមាណ៣០០​គ្រួសារ​រស់​នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក​កុំ​ឱ្យ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ​៣០០​ម៉ែត្រ​ដែល​ទើប​តែនឹង​សង់ ព្រោះ​វា​ជា​តម្រូវ​ការ​ចង់​ចត​ទូក និង​ដឹក​ជញ្ជូន​ទំនិញ​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។ ​

​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ទទូច​ដល់​អាជ្ញាធរ​រក្សាទុក​ផែ​ថ្មី​សង់​ពី​ឈើ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​បម្រើការ​ចត​ទូក និង​លើកដាក់​ផល​នេសាទ​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹកសមុទ្រ​។​

សំណើសុំ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ផ្ទាល់មាត់ និង​ផ្តិត​មេដៃ​លាយ លក្ខណ៍អក្សរ​នេះ ធ្វើឡើង​ក្រោម​មានការ​ចោទប្រកាន់ថា ឈ្មោះ លី រស់ ជា​អ្នក​ផ្តើម​សង់វា​ឡើង បូករួម​មាន​នឹង​ការ​ជួយ​សម្ភារៈ និង​កម្លាំង​ពលកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​នោះ​។ ត្រង់​ចំណុច​ថា សំណង់​ផែ​ឈើ​ខុសច្បាប់​ចូល​សមុទ្រ ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​គឺ​មិន​ពិត​នោះ​ទេ​។​

តំណាង​ប្រជាពលរដ្ឋ​លើកឡើង​បន្ត​ថា ពួកគាត់​ពិតជា​សប្បាយ​ចិត្ត និង​គាំទ្រ​ឱ្យ​មាន​ជា​ផែ​ឈើ​ទទឹង​៥​ម៉ែត្រ​កន្លះនិង​កម្ពស់​ផុត​ពី​ទឹក​ជាង ​២​ម៉ែត្រ ខណៈ​ផែ​ថ្ម​នៅ​មួយ​កន្លែង​ទៀត​មាន​ទូក​ជាច្រើន​ចូល​ចត និង​ពិបាក​ដឹក​ជញ្ជូន​ផល​នេសាទ​ឡើង​មក​លើគោក​។
ពលរដ្ឋ​ជឿ​ជាក់​ថា ប្រធាន​សហគមន៍​នេសាទ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​យោគយល់​ពី​តម្រូវ​ការ​ចង់​របស់​ពួកគាត់ ​ជា​អ្នក​ប្រកបមុខរបរ​នេសាទ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​លោក សន ចេក មេភូមិ​ស្រែ​ថ្មី និង​លោក ហ៊ិ​ន ឡា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ​បាន​ទទួល​ស្គាល់​ស្រដៀង​ថា ផែ​ឈើ​ខាងលើវា​ពិតជា​តម្រូវ​ការចាំបាច់​របស់​ពលរដ្ឋ​អ្នកភូមិ​ស្រែ​ថ្មី​ប្រាកដ​មែន​។ព្រោះ​ពួកគាត់​ស្នើសុំ​ច្រើន​ឆ្នាំ​មក​ហើយខណៈ​មាន​បញ្ហា​ប្រឈ ម​លំបាក ហើយ​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​រស់នៅ​តាម​ខ្នង​ផ្ទះ​ពេល​ដឹក​ផល​នេសាទ​ម្តងៗ​។
តប​នឹង​សំណើ​ពលរដ្ឋ លោក​មេភូមិ​ស្រែ​ថ្មី និង​មន្ត្រី​ជំនាញ​ក៏​រៀបចំ​លិខិត​សំណើ​បែបបទ​មួយ​បញ្ជូន​ទៅ​កាន់​ប្រធាន​សហគមន៍មេឃុំ​ថ្ម​ស និង​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរត្រង់​មានការ​សម្រេច​យ៉ាងណា​អាស្រ័យ​ទៅតាម​ជាក់ស្តែង​របស់​លោក​អភិបាលស្រុក​។​
​លោក លី រស់ ជា​អ្នក​ផ្តួចផ្តើម​ធ្វើ​ផែ​លើកឡើងថា ដំបូង​ឡើយ​លោក​ធ្វើ​តែ​ផែ​ឈើ​ ១​ម៉ែត្រ​កន្លះ​ដើម្បី​លើក​ត្រី មឹកបង្គារនិង​ក្តាម ដោយ​លោក​មិន​ចង់​ធ្វើ​បន្ត​ទេ ប៉ុន្តែ​មានការ​ស្នើសុំក៏ដូចជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​បន្ត​សង់​ទៀត គ្រា​ពួកគាត់​លំបាក​កន្លែង​ចត​ទូក​លើកដាក់​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។
លោក លី រស់ បច្ចុប្បន្ន​ផែ​ឈើ​នេះ សម្រេច​បាន​ជាង ​៩០% ​ហើយ​នៅ​សល់​តែ​តូប​មួយ​លើ​ផែ​ទុក​ចាំ​លើកដាក់​ផល​នេសាទ​។

​ទាក់ទិន​បញ្ហា​នេះ​ត្រូវ​បាន​លោក ក្រូច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ​ថ្លែង​ថា លោក​នឹង​មិន​ជំទាស់​សេចក្តី​ចង់បាន​របស់​ពលរដ្ឋ​នោះ​ទេ ប្រសិនបើ​វា​បម្រើ​ដល់​ប្រយោជន៍​រួមក៏ដូចជា​មានទុក្ខ​កង្វល់​ពិតប្រាកដ​មែន​គឺ​លោក​ឯកភាព​គាំទ្រ​។
ទោះយ៉ាង​ណា លោក​នឹង​ចុះ​ពិនិត្យ​ដល់​ទី​តាំង​ជាក់​ស្តែង​ជាថ្មី​ម្តងទៀត មុននឹង​ចុះហត្ថលេខា​ទទួលស្គាល់​។​
លោក​អភិបាលស្រុក​បូ​ទុម​សាគរបន្ថែម​ថា ការដែល​លោក​គាំទ្រ​នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​បញ្ហា​ធូរស្រាល​ជំងឺ​កូ​វីដ​តាម​អាស្រ័យ​ផល​នេសាទ ជាពិសេស​ទប់ស្កាត់​ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង និង​ដី​ចំណី​ព្រែក​សមុទ្រ​៕ អត្ថបទ៖ ឈឹម មករា