ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបង្គាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍ក្រោមបង្គាប់ ដែលត្រូវបានដាក់ពង្រាយតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ ឲ្យវិលចូលមកក្នុងការិយាល័យរៀងៗវិញ ដើម្បីបញ្ចប់សកម្មភាពពួនស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារដាក់ពង្រាយឲ្យត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលអនុវត្តតាមផែនការមុនៗ ហើយបង្កបាតុភាពមិនល្អ។
លោកស្នងការ បានបង្គាប់នៅក្នុងសេចក្តីសម្រេចនេះថា «ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្រមូលផ្ដុំកម្លាំង ដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាមសំណូមពរចាំបាច់នៃការងារ»។
នៅក្នុងសម្រេចនិរាករណ៍លិខិតបង្គាប់ការកន្លងមកនេះ និងការដកកម្លាំងចេញពីគោលដៅត្រួតពិនិត្យពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅទូទាំង១៤ខណ្ឌ មិនបានបញ្ជាក់ពីមូលហេតុឡើយ ប៉ុន្តែគេសង្កេតឃើញថា ត្រូវបានធ្វើឡេីង បន្ទាប់ពីមានប្រជាពលរដ្ឋរិះគន់យ៉ាងច្រើន ចំពោះមន្ត្រីនគរបាលមួយចំនួន ដែលអនុវត្តន៍លេីសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កជាបាតុភាពអាក្រក់មិនចេះចប់មិនចេះហើយ ជុំវិញករណីកៀបសង្កត់ទារប្រាក់ពិន័យ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក កន្លងមកអនុវត្តតាមលិខិតបង្គាប់ការលេខ០៧៧ លបក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្កើត ក្រុមការងារត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខណ្ឌ
ទាំង១៤ និងលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចុះហត្ថលេខា ដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍។
សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានប្រេីពាក្យសម្តី និងកាយវិការមិនសមរម្យ ចំពោះប្រជាពលរដ្ឋ ដែលបេីកបរល្មេីសច្បាប់ ហើយក្រោយពីការផ្សាយឃ្លីបវីដេអូ និងទទួលរងការរិះគន់យ៉ាងចាស់ដៃ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ឯក ស ថេត បានកោះហៅមន្ត្រីរូបនោះមកធ្វេីការណែនាំអប់រំ ដុះក្អែល ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជេីង។
មន្ត្រីនគរបាល ដែលល្បីល្បាញលើហ្វេសប៊ុក ខាងប្រើពាក្យសម្តីអាក្រក់ ឈ្មោះ ពុត ធារី បានឈរជើងពួនស្ទាក់នៅគោលដៅតាមផ្លូវជាតិលេខ៥ ក្នុងទឹកដីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយពីសម្រេចបញ្ឈរជើងរួចហើយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបមន្ត្រីឈ្មោះ ពិត ធារី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ព្រមទាំងសរសេរសារថា «ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា»។
មហាជនបានសម្តែងការគាំទ្រចំពោះវិធានការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងការដាក់វិន័យលើមន្ត្រីខិលខូច និងលុបចោលការដាក់ពង្រាយនគរបាលពួនស្ទាក់ ហើយក៏សំណូមពរដល់អ្នកបើកបរថា ទោះបីមានការដកគោលដៅត្រួតពិនិត្យការពង្រឹងអនុវត្តន៍ច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ អ្នកបើកបរគួរតែបន្តគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីសុវត្ថិភាពខ្លួនឯង និងសុវត្ថិភាពដល់អ្នកដទៃផងដែរ៕