ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា កម្ពុជាស្ទើរលែងមានភ្លៀងធ្លាក់ ឯអាកាសធាតុចុះត្រជាក់បន្តិច

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប្រទេសកម្ពុជាស្ទើរលែងមានភ្លៀងធ្លាក់ ចំណែកសីតុណ្ហភាពចុះត្រជាក់បន្តិច។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពធាតុអាកាស នៅថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ ប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ដែលបានកេីតឡេីងនៅភាគខាងជេីងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធេី្វដំណេីរដល់ប៉ែកខាងក្រោមនៃភាគខាងជេីងវៀតណាម នៅថ្ងៃទី២១ ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កេីនឥទ្ធិពលមកលេីភាគខាងត្បូងកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សារសេ សីតុណ្ណភាពអតិបរមាពី៣០-៣២អង្សាសេ ហើយចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទេីរតែគ្មានភ្លៀង បេីមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជេីងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច។

ចំណែកនៅតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សារសេ សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ ហើយចាប់ពីថ្ងៃទី១៩-២១ ខែតុលា បេីមានភ្លៀងនឹងតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

រីឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ សីតុណ្ណភាពអតិបរមា មានពី២៩-៣១អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕