ជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។
ជនជាប់ចោទបន្តថា ដោយសារខ្លួនជំពាក់លុយឈ្មោះ ចាង ពេលលេងល្បែងក្នុងកាស៊ីណូ ក្នុងប្រទេសអូស្ត្រាលីចំនួន៥០០០ដុល្លារ និងគ្មានលុយសងទើបឈ្មោះ ចាង បានប្រើឲ្យខ្លួនមកប្រទេសកម្ពុជាដើម្បីទទួលគ្រឿងញៀនដោយឲ្យលុយថ្លៃសេវាចំនួន១ម៉ឺនដុល្លារ។
ជនជាប់ចោទថា នៅពេលមកដល់ប្រទេសកម្ពុជា បានទៅជួបបុរសជនជាតិវៀតណាមពីរនាក់ នៅក្បែរកាស៊ីណូណាហ្គាវើល ក្នុងខណ្ឌដូនពេញ។ បន្ទាប់មកបុរសជនជាតិវៀតណាមទាំងពីរនាក់ បានយកគ្រឿងញៀនទៅឲ្យនាងដល់បន្ទប់ ដែលនាងស្នាក់នៅក្នុងសណ្ឋាគារ ដាយមិនផាលេស ដោយពួកគេបានវេចខ្ចប់ និងដាក់គ្រឿងញៀននៅក្នុងវ៉ាលីក្រហម រួចស្រេចដើម្បីឲ្យនាងយកទៅប្រគល់ឲ្យឈ្មោះ ចាង នៅប្រទេសអូស្ត្រាលី។
គួររម្លឹកថា កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឃាត់ខ្លួនស្ត្រីជាជនជាប់ចោទខាងលើ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ខណៈនាងបម្រុងនឹងដឹកគ្រឿងញៀនខាងលើចេញទៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវមន្ត្រីជំនាញត្រួតពិនិត្យឃើញនៅក្នុងវ៉ាលី៕