ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម

ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអនុញ្ញា តឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri)ឯកអគ្គរដ្ឋទូតគុយ វ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រា បជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេស កកម្មការទូតរបស់លោកមកកាន់ព្រះរាជាណា ចក្រកម្ពុជានៅពេលនេះ លោកនឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។

ក្នុងនោះ លោកបានមានប្រសាសន៍ថា លោកនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើ ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះផងដែរ លោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តមនាពេលនេះ។ លោកក៏បានគោរពជូនពរសម្ដេចតេជោឱ្យទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជា ឯកគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរចំពោះ ការប្តេជ្ញាចិត្តក្នុងការពង្រីកពង្រឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តលើកិច្ចព្រមព្រៀងជាមួយគ្នាដែលបានចុះហត្ថលេខាហើយនោះ។

ក្នុងឱកាសនោះសម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ដល់លោកឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីណាពិនិត្យមើលលើវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះប្រទេសគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញមានស្បៀងអា ហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញ លើវិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរនាពេលខាងមុខ៕