(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាននាយកដ្ឋានឧត្តម អយកនិងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកសៀវភៅអប់រំ សៀវភៅចំណេះដឹងទូទៅចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកបណ្ឌិត ប៉ា ម៉េងហុក បានមានប្រសាសន៍ថា កាចែកជូនសៀវភៅនេះ ក្នុងបំណងធំរបស់លោកគឺ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ហើយប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ ឲ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរ ជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។
លោកបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ នៅសាលាបឋមសិក្សាវាលម្លូរឆ្លៀតពីពេលទំនេរពីការសិក្សា ត្រូវនាំគ្នាចូលបណ្ណាល័យអានសៀវភៅអោយបានច្រើន ដើម្បីបង្កើតចំណេះដឹងជាច្រើនទៀត ត្រូវខំរៀនអោយពូកែ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីឧបាយមុខផ្សេងៗទៀត ។
សូមរំលឹកថា ឃុំវាលម្លូរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា ព្រមទាំងការចង្អុលបង្ហាញ ពីរដ្ឋមន្ត្រី វង សូត បានសម្រេចតែងតាំងលោក ប៉ា ម៉េងហុក ជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ អស់រយះពេល៥ឆ្នាំមកនេះ បានធ្វើឲ្យឃុំវាលម្លូរ រីកមុខមាត់លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសហេដ្ឋារចនាសម្ព័ន និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រជាពលរដ្ឋទូទាំងឃុំបោះឆ្នោតជូនរាជរដ្ឋាភិបាលកើនឡើនឡើងពី៤ លើ៧ អសនៈ (២០១៧) ដល់៦ លើ ៧អសនៈ ក្នុងឆ្នាំ២០២២។