ភ្នំពេញ៖ លោក ឯល រ៉ូហ្សែត អគ្គនាយក ក្រុមហ៊ុន (IIS Company) បានសម្រេចចុះកិច្ចព្រមព្រៀង និងក្រុមហ៊ុនមកពីសាធារណៈរដ្ឋប៉ូឡូញឈ្មោះ ក្រុមហ៊ុនអឹមភីឡា ជាផ្លូវការហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីផ្តល់ឱកាសការងារស្របច្បាប់ដល់ពលករកម្ពុជា។
លោក សួង សង្វាវុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារបានមានប្រសាសន៍ថា តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង ដែលក្រុមហ៊ុន IIS និងក្រុមហ៊ុនអឹមភីឡា ដែលបានរៀបចំពិធីនេះឡើងដើម្បីផ្តល់ឱកាសការងារស្របច្បាប់ដល់បងប្អូនប្រជាជនខ្មែរអាចទៅបម្រើការងារនៅសាធារណៈរដ្ឋប៉ូឡូញ ផ្នែកវេចខ្ចប់ចំណីអាហារ។
លោកបានថ្លែងទៀតថា«ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្ចើការជួយជ្រោមជ្រែងដល់ការស្នើសុំវីសាររបស់ពលករ ដែលបានដាក់ពាក្យរួចនិងរង់ចាំទទួលវីសាការងារស្របច្បាប់ ទៅកាន់ស្ថានទូតប៉ូឡូញ និង តាមរយៈ លោក ស សារិន កុងស៊ុលកិត្តិយសប្រចាំនៅកម្ពុជា»។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនទាំងពីរមានការទំនួលខុសត្រូវច្បាស់លាស់និងទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋប៉ូឡូញ។ ដូច្នោះ សូមផ្តាំផ្ញើដល់បងប្អូនពលករទាំងអស់ បន្តភាពស្មោះត្រង់លើការបម្រើការងារជូនក្រុមហ៊ុន សហគ្រាស និងធ្វើជាប្រជាជនល្អនៅសាធារណៈរដ្ឋប៉ូឡូញ»។
យោងតាមកិច្ចព្រមព្រៀងភាគីទាំងពីរបានឯកភាពថា ជំហានដំបូងនឹងបញ្ជូនពលករស្របច្បាប់កម្ពុជាជាង ១០នាក់ ដែលសព្វថ្ងៃនេះពួកគាត់ទទួលបានបណ្ណការងាររួចហើយពីប្រទេសប៉ូឡូញ និងកំពុងតែរង់ចាំការសម្រេចចុងក្រោយពីស្ថានទូតប៉ូឡូញប្រចាំទីក្រុងបាងកក រួចត្រៀមធ្វើដំណើរទៅប្រទេសប៉ូឡូញនាពេលឆាប់ៗខាងមុខ។
សម្រាប់ លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន IIS Company បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាង២០ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនថេរ ៧% ក្នុងមួយឆ្នាំ។ ជាមូលដ្ឋាន យើងមានសន្តិភាព និងសន្តិសុខដើម្បីធានាថាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនឹងវិនិយោគដោយស្មោះត្រង់នៅកម្ពុជា។
លោកបានបញ្ជាក់ថា នេះជាលើកទីមួយហើយសម្រាប់ពលករកម្ពុជារបស់យើង ដែលមានឱកាសដ៏ល្អក្នុងការទទួលបានការផ្តល់ជូនការងារពី ក្រុមហ៊ុន MPillar Human Resources ដែលត្រូវបានអនុញ្ញាតជាភ្នាក់ងារខាងក្រៅដោយរដ្ឋាភិបាលប៉ូឡូញ។
លោកបានបន្ថែមថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនិងការផ្លាស់ប្តូរសកម្មភាពវប្បធម៌ ប្រពៃណី និងអាជីវកម្ម។ សង្ឃឹមថា កិច្ចព្រមព្រៀងរបស់យើងនឹងនាំមកនូវផលប្រយោជន៍ល្អរវាងសាធារណរដ្ឋប៉ូឡូញ និងកម្ពុជាសម្រាប់អនាគតដ៏ភ្លឺស្វាងជាមួយនឹងអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ចកាន់តែច្រើន។
លោក ការ៉ាន់ ស្សោ តំណាងក្រុមហ៊ុន អឹមភីឡា (MPillar) នៃសារធារណៈរដ្ឋប៉ូឡូញបញ្ជាក់ថា នៅឆ្នាំ២០២៣ នេះប្រាក់ខែនៅសាធារណរដ្ឋប៉ូឡូញនឹងមានការតម្លើង ២ដង ក្នុងនោះមានខែមករា និងខែកុម្ភៈ ហើយ ក្រុមហ៊ុនលោកមានបទពិសោធន៍ នឹងមាន ការទទួលខុសត្រូវខ្ពស់ច្បាប់ការងារ ហើយនឹងបន្តទទួលយកពលករនៅតំបន់អាស៊ីបន្ថែមទៀត ជាពិសេសគឺប្រទសកម្ពុជាតែម្តង។
ប្រទេសកម្ពុជានិងសារធារណរដ្ឋ ប៉ូឡូញ គឺ បានរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យការទូត វប្បធម៌ និងពាណិជ្ជកម្ម ចាប់តាំងតែពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៦មក។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពលករខ្មែរជាង១លាននាក់កំពុងធ្វើការនៅក្រៅប្រទេស និងបានផ្ញើប្រាក់ជាង១ ពាន់លានដុល្លារក្នុងមួយឆ្នាំត្រឡប់មកកម្ពុជាវិញ។
IIS គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាដែលទទួលបានច្បាប់អនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបទពិសោធន៍យូរឆ្នាំមកហើយ នឹងបានផ្តល់ឱកាសការងារដល់ពលករជាច្រើន នាក់នៅក្រៅប្រទេស ក្នុងនោះមាន ដូចជា នៅប្រទេស ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី និងក្រុមហ៊ុន Cruise នៅអឺរ៉ុប និងអាមេរិកជាដើម។