ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារនិងGMAC រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៧មេសានេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជានៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្រ្តីថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

រដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយជារួម និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន និយាយដោយឡែក ពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់រួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។

គោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកសុខសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយប្រកបដោយសក្តានុពលវិនិយោគ និងពាណិជ្ជកម្មកំណើនសេដ្ឋកិច្ចនៅតែបន្តកើនទ្បើងក្នុងរង្វង់៧%។

រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តចាប់ពីឆ្នាំ១៩៩៩ បានធ្វើឱ្យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាបន្តរីកចម្រើនគួរជាទីមោទនៈចាប់ផ្តើមពីរោងចក្រប្រមាណជាង៦០រោងចក្រ ជាមួយនឹងកម្មករនិយោជិកប្រមាណ ៨ម៉ឺននាក់ រហូតមកដល់ពេលនេះ រោងចក្រកើនឡើងដល់ប្រមាណ ១២០០រោងចក្រ ជាមួយនិងកម្មករនិយោជិតប្រមាណជាង ៨៤ម៉ឺននាក់។

លោកឧកញ្ញ៉ាវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលើកឡើងថា វិស័យកាត់ដេរគឺជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។

លោកអះអាងទៀតថា វិស័យនេះកាន់តែប្រឈមខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើងបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យនេះនៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សមាជិកទាំងអស់របស់GMACអាចរក្សាបានដំណើរផលិតកម្មអាជីវកម្មរបស់ខ្លួន ប្រកបដោយចីរភាព។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ប៉ុន្តែវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំណុចខ្លះៗ ដែលពាក់ព័ន្ធរួមមាន:

១.ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ និងទិវា។
២.ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ។
៣.ការកំណត់អាត្រាភាគទាននៃរបបសោធន។
៤.ការកំណត់នូវពេលវេលា និងចំនួនថ្ងៃបើកប្រាក់បំណាច់អតីតភាព ការងារ។
៥.ការកែសម្រួលច្បាប់ស្តីពីការងារ។
៦.ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរ។
៧.បញ្ហាផ្សេងៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្ត ខិតខំធានានូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់។

ក្រុមការងារផែ្នកអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវយកសំណូមពរដោះស្រាយបញ្ហាខ្វះបុគ្គលិកជំនាញ ដើម្បីផ្គត់ផ្គង់ទីផ្សារការងារទៅពិភាក្សា និងលើកអនុសាសន៍ដោះស្រាយ៕