លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ចិននឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់កម្ពុជា។
ការប្រកាសផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឡើងនៅឯជំនួបពិភាក្សាការងារជាទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។
យោងតាមហ្វេសប៊ុកសម្តេចតេជោ បានសរសេរថា «ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិននឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា»។
លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួមក្នុងវេទិកាស្តីពី «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ ស្តីពីសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលនេះ។
លោក បានមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ បានរួមចំណែកដល់ភាពជោគជ័យរបស់វេទិកា ដែលយើងបានបញ្ចប់នាពេលនេះ។
លោក ស៊ី ជិនពីង បានអបអរសាទរចំពោះសម្ដេចតេជោក្នុងការបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀតក្នុងអណត្តិថ្មី ហើយឯកឧត្តម គាំទ្រសម្តេចតេជោ ជានិច្ច។ ប្រទេសចិន នឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាកំពុងទទួលបាននូវភាពជោគជ័យជាបណ្តើរៗ ពីគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» តាមរយៈការតភ្ជាប់លើគ្រប់វិស័យ។
សម្តេចតេជោ មានប្រសាសន៍បន្តថា យុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ស្របគ្នានឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅក្នុងការតភ្ជាប់លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានចូលរួមជួយដល់កម្ពុជា ដែលនឹងត្រូវប្រឈមជាមួយនឹងការ EBA របស់សហភាពអឺរ៉ុប ដែលចំណុចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់ពីការខិតខំរបស់ឯកឧត្តម ក្នុងការជួយដល់ប្រទេសកម្ពុជាផងដែ។
ក្នុងឱកាសនោះសម្តេចតេជោ ក៏បានជម្រាបជូនប្រធានាធិបតីថា កម្ពុជាកំពុងធ្វើការកែទម្រង់ផ្ទៃក្នុងដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានលក្ខណៈប្រកួតប្រជែង ក្នុងគោលបំណងសម្រួលដល់ការធ្វើពាណិជ្ជកម្ម របស់អ្នកវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា។
សម្ដេចក៏បានស្នើដល់ក្រុមហ៊ុនចិនមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសយ៉ាងណាឲ្យទីផ្សារចិនមានការបើកចំហជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលពីប្រទេសកម្ពុជាផងដែរ ដើម្បីរក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដ៏ល្អនឹងគ្នា។ ប្រទេសយើងទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការរួមគ្នាដែលយើងអាចបន្តធ្វើការងារជាមួយគ្នាតាមផែនការសកម្មភាព ហើយយើងត្រូវតែបន្តថែទាំមិត្តភាពនៃប្រទេសទាំងពីរឲ្យបានល្អ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណដល់ ប្រធានាធិបតីចិន ក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងតែចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយសម្តេចក៏បានគូសបញ្ជាក់ផងដែរថា ស្ថានភាពផ្ទៃក្នុង ក៏ដូចជាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរហើយបច្ចុប្បន្នគឺល្អប្រសើរជាងកាលបោះឆ្នោតឆ្នាំ១៩៩៨ ហើយសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨នេះ គឺកាន់តែមានភាពល្អប្រសើរ ហើយសម្រាប់បីខែដំបូងនៃឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាក៏នៅតែមានលក្ខណៈល្អប្រសើរផងដែរ។ ដូច្នេះតាមរយៈជំនួបនេះគឺបានប្រព្រឹត្តទៅជាផ្លែផ្កា ដែលប្រទេសទាំងពីរ នឹងសហការគ្នាជាមិត្តភាព ជាមិត្តដែកថែប ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ទៀត៕