ភ្នំពេញ: ស្ត្រីជាប់ចោទម្នាក់កាលពីព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២២នេះ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកាតម្កល់ទោសជាប់ក្នុងពន្ធនាគារកំណត់១៦ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរនិងលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ទៅធ្វើជានារីបម្រើផ្លូវភេទនៅប្រទេសម៉ាឡេស៊ីតាមរូបភាព ជ្រើសរើស ជនរង ទៅធ្វើការងារជា ស្រី្តមេផ្ទះ ប្រព្រឹត្ត កាលពីឆ្នាំ២០១៦។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថាទណ្ឌិត រូបនេះ មានឈ្មោះ អ៊ុ រ៉ាដែន ភេទស្រី អាយុ ៣៥ ឆ្នាំ អតីតកម្មការិនីរោងចក្រ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ អ៊ុ រ៉ាដែន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ ពីបទ : នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។
ទណ្ឌិត ឈ្មោះ អ៊ុ រ៉ាដែន ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិង គាំពារអនីតិជន កាលពី ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ តាមបណ្តឹងរបស់ជនរងគ្រោះ៕
ដោយ: ទេព ច័ន្ទ