ភ្នំពេញ: លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទម្លាយរូបភាព និងវីដេអូ ដែលលោកប្រមូលជំនួយពីអ្នកគាំទ្រ យកទៅលេងល្បែងកាស៊ីណូ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។
តាមរយៈហ្វេសប៊ុកឈ្មោះ «កុមារ ពេជ្រ» បានបង្ហោះវីដេអូ និងរូបភាព លោក អេង ឆៃអ៊ាង នៅរាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយបានបង្ហើបថា៖ «ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិកប្រមូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន»។
បើតាមអ្នកអត្ថាធិប្បាយតាមបណ្តាញសង្កមហ្វេសប៊ុក លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២២ លោក អេង ឆៃអ៊ាង ស្ដេចល្បែងប្រចាំបក្សប្រឆាំង បានចូលលេងល្បែងនៅកាស៊ីណូមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីរៃអង្គាសបានលុយពីអ្នកគាំទ្ររួចមក។
អ្នកអត្ថាធិប្បាយរូបនេះ បានចំអកថា សូមអរគុណបងប្អូនអ្នកគាំទ្របក្សប្រឆាំងនៅសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាឲ្យ អេង ឆៃអ៊ាង បានលេងល្បែងកាត់ស្ត្រេសបន្ទាប់ពីរត់ចោលស្រុកច្រើនឆ្នាំ ។