ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលនឹងចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលានៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

លោក មិកាមិ បានសំដែងនូវការអបអរសាទរគោរពជូនសម្ដេច តេជោ ចំពោះជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាជំងឺកូវីដ-១៩ ហើយក៏បានសំដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេច តេជោ។
ដោយទី១- ការដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព ជាពិសេស មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក, ទី២-ការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី, ទី៣-ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា, ទី៤- ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។

លោក មិកាមិ បានបន្ថែមថា បេសកកម្មរបស់ឯកឧត្តមនៅព្រះ រាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនរបស់កម្ពុជា ហើយជប៉ុន នៅតែបន្តគាំទ្រកម្ពុជាហើយពេលនេះ ជប៉ុន កំពុងចូលរួមបង្ហាត់កីឡាករកម្ពុជា ត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម មិកាមិ ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នារួមមាន៖ ទី១-ការរួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ទី២-រៀបចំឱ្យមានការចូលចតនាវាជប៉ុន ចំនួន ២ដង នៅកម្ពុជា, ទី៣-រៀបចំឱ្យមានជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ចំនួន ១ដងក្នុងមួយឆ្នាំ។
ទី៣-រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនផងដែរ, ទី៥-ជំរុញវិនិយោគជប៉ុនមកកម្ពុជា, ទី៦-ការធ្វើខួបក្រុមហ៊ុនមីនេបៀរ និងការជំរុញដំណើរការគម្រោងជប៉ុនទាំងអស់នៅកម្ពុជា ឱ្យដំណើរការបានល្អទោះស្ថិតក្នុងស្ថានភាពលំបាកដោយជំងឺកូវីដក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនឯកឧត្តម មិកាមិ ផងដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាករណីគោលការណ៍ច្បាប់ និងគុណស្រ័យ គឺខុសគ្នា។
ដោយឡែកករណីមីយ៉ាន់ម៉ា សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានប្រឹងប្រែងអំពីកម្លាំងកាយចិត្ត ដើម្បីជួយឲ្យមីយ៉ាន់ម៉ា វិលត្រឡប់មកគន្លងប្រក្រីភាពវិញ ដែលពេលនេះ គឺទុកជូនប្រទេសឥណ្ឌូនេស៊ី ជាប្រធានបន្តវេន ដោះស្រាយបន្ត ។

ជាទីបញ្ចប់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរឲ្យលោកបានទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគត ៕