ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ជូនខ្លួនយុវជនសង្ស័យ២នាក់ទៅតុលាការចាត់ការជាប់ពាក់ព័ន្ធនឹងការបាញ់បោះសេរីបណ្តាលឲ្យបុរស៣នាក់ស្លាប់និងរបួសនៅខេត្តបាត់ដំបង

ភ្នំពេញ: សមត្ថភាពនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ៩ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន២នាក់ ទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការ និងសម្រេចតាមផ្លូវច្បាប់ ជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម និងការប្រើប្រាស់អាវុធខុសច្បាប់ ដោយធ្វើសកម្មភាពបាញ់រះ ទៅលើជនរងគ្រោះមួយក្រុម ដែលជាភាគីជម្លោះ ខណៈពួកគេកំពុងអង្គុយជុំគ្នាបណ្ដាលឲ្យមនុស្ស២នាក់ ត្រូវរងរបួស និង ម្នាក់ទៀត ត្រូវស្លាប់ រួចរត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ៧ ​ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ចំណុច​សួនច្បារ​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាងលិច​ទល់មុខ​ធនាគារ​FTB ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឲ្យដឹងថា: ជនសង្ស័យទាំង២នាក់ ខាងលើនេះ មានឈ្មោះ ហូ គឹម​ហៀ​ង ហៅ​ច​យ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខរបរមិនពិត ប្រាកដ ។ និង ម្នាក់ទៀត មាន ឈ្មោះ កែវ បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មានមុខរបរមិនពិតប្រាកដ។ អ្នកទាំង២ មាន​ទីលំនៅ​ភូមិ​សាម​គ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកឯ ជនរងគ្រោះ ចំនួន៣នាក់មាន ឈ្មោះ ៖ ទី១- ឈ្មោះ រឿន សំរ៉ង អាយុ ៣២ ឆ្នាំ ភេទ ប្រុស នៅភូមិកន្ទូត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ( ត្រូវស្លាប់ ) ។ ទី ២- ឈ្មោះ ស ដារ៉ូ ភេទ ប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ( របួសស្រាល ) ។ និង ៣- ឈ្មោះ តឹ បញ្ញា ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង( របួសស្រាល)។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានថ្លែងថា: នៅក្នុងករណីនេះ ជនសង្ស័យទាំង២នាក់ ត្រូវបានមន្ត្រីុនគរបាលជំនាញ ចោទប្រកាន់បឋម (កសាងសំណុំរឿង)ពីបទ: ឃាតកម្ម និង ការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៣៩, ១៩៩ និង ៤៩០ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេទាំង២នាក់ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១០ ទៅ ១៥ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ពួកគេត្រូវបានត្រូវ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ និង ក្រុងប៉ោយប៉ែត ធ្វើការ ចាប់ខ្លួនកាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២ នៅក្រុងប៉ោយប៉ែត។

បន្ទាប់ពីការចាប់ឃាត់ខ្លួន ពួកគេត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលជាម្ចាស់់សាមី នៃ ករណី ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ កំពុងតែបាន សាកសួរចម្លើយ នៅឯ អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង នៅឡើយ៕

ដោយ ទេព ច័ន្ទ