ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២២ បានធ្វើការជំនុំជម្រះលើ បណ្តឹងឧទ្ធរណ៍របស់ លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស អោយគាត់ ចាញ់ក្តី គណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និង តម្រូវឱ្យបង់សំណងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ចំនួន ៣,០០០ លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក) ពាក់ព័ន្ធបទល្មើស: បរិហារកេរ្តិ៍សាធារណៈ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុក ជាបានដដែល។ តែបានកែប្រែ ការបង់ជម្ងឺចិត្ត គណបក្សប្រជាជនកម្ពុជា ពី ចំនួន ៣,០០០ លានរៀលទៅ ៤,០០០លានរៀល (ប្រមាណ១លានដុល្លារអាមេរិក) វិញ និង បង្កើតការបង់ពិន័យ ចំនួន ១០ លានរៀល ( ប្រមាណ២៥០០) ក្នុងមួយករណីៗ ( មាន២ ករណី)។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ក៏បានបើកផ្លូវ ឲ្យលោកសុន ឆ័យ ប្តឹងសារទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកចៅក្រម សួស សំអាត ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យអោយដឹងថា: នៅក្នុងរឿងក្តីនេះ លោកសុន ឆ័យ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ សម្រេចផ្តន្ទាទោស ដោយត្រូវពិន័យជាប្រាក់ ចំនួន ៩ លានរៀល ចំពោះបណ្ដឹងរបស់ គជប និង ៨ លានរៀល ទៀត ចំពោះ បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ ក៏បាន បង្គាប់ឲ្យលោកសុន ឆ័យ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ចំនួន៣០០០ លានរៀល ( ប្រមាណ ៧៥ម៉ឺន ដុល្លារអាមេរិក)។
លោកសុន ឆ័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: បរិហារកេរ្ដិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ។
លោកសុន ឆ័យ ត្រូវបានប្តឹងដោយ លោកមេធាវី គី តិច ជាតំណាង នៃ គណបក្សប្រជាជនកម្ពុជា និង ដោយ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ជាប់ពាក់ព័ន្ធនឹងការនិយាយមូលបង្កាច់បង្ខូចឈ្មោះ និង ការនិយាយព័ត៌មាន មិនពិត ជាមួយកាសែត Cambodia Daily និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ជាប់ទាក់ទងនឹងការរៀបចំ និង ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២៕
ដោយ: ទេព ច័ន្ទ