ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៥នាក់ ក្នុងនោះ រួមមានជនជាតិចិន ចំនួន ៤នាក់ និងស្រីខ្មែរម្នាក់ ពាក់ព័ន្ធនឹងការ បង្កប់គ្រាប់បែក និង គ្រឿងបំផ្ទុះប្រព្រឹត្ត នៅមុខសណ្ឋាគារណាហ្គាវើលដ៍២ដែលជាកន្លែងកាស៊ីណូ (កន្លែងលេងល្បែងស៊ីសង មានច្បាប់អនុញ្ញាត) ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ជនសង្ស័យជនជាតិចិនទាំង៤នាក់ មានឈ្មោះ ៖ ទី-ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបេីករថយន្ត) ។ ទី-ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ។ ទី ៣- ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។
ទី ៤- ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។ ចំណែកឯ ជនជាតិខ្មែរ មាន ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បាននិយាយថា: ពួកគេត្រូវបានកម្លាំង
សមត្ថកិច្ចនគរបាលរាជធានី ភ្នំពេញ សហការជាមួយ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការបង្ក្រាប និង ការឃាត់ខ្លួន ពួកគេ, កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ ដកហូត បានរថយន្ត ចំនួន ០១គ្រឿងម៉ាក LANG ROVER DEFENDER ពណ៍ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 និង វត្ថុតាង ពាក់ព័ន្ធផ្សេងៗទៀត ពី ពួកគេ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ចូនទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការបន្ត តាមនីតិវិធីច្បាប់ របស់កម្ពុជា៕
ដោយ: ទេព ច័ន្ទ