ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រកាសទទួលស្គាល់ស្រាសំប៉ាញរបស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញជាផលិតផលរបស់ ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ជាមួយលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តធ្វើធុរកិច្ចនិងវិនិយោគថែមទៀតនៅកម្ពុជាដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយ រដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការយូណេសស្កូ (UNESCO) និងបានចុះបញ្ជីការពារម៉ាកនៅក្នុងប្រទេសចំនួន១១៧នៅលើពិភពលោក៕