ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ ២០២២បានបើកសវនាការជំនុំជម្រះលើកបណ្តឹង សារទុក្ខ បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលា ការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស ឃាតកម្ម គិតទុកជាមុន ដោយវាយសម្លាប់ បុរស វ័យចំណាស់ម្នាក់ ជាអតីតយោធិនចូលនិវត្តម្នាក់ប្រព្រឹត្ត នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០២១ ។
លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតជាយោធិនចូលនិវត្ត រស់នៅភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ វុន ឡៃហៀក ត្រូវបានសាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីអំឡុង ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្ត ៧០ លានរៀល ទៅគ្រូសារជនរងគ្រោះ ពីបទ « ឃាតកម្មគិតទុកជាមុន » តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅភូមិ បន្ទាយទី២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២៣ នេះ ៕
ដោយ: ទេព ច័ន្ទ