ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ២០២២បានបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាត ( ការប៉ុនប៉ងចាក់សម្លាប់) ព្រះរាជអាជ្ញារង នៃ អយ្យការអម សាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ដោយសាររឿងគំនុំគុំគួនគ្នា រវាងបុគ្គល និងបុគ្គល ប្រព្រឹត្ត នៅក្នុងបន្ទប់ « កែប »នៃភោជនីយដ្ឋានមួយ យីហោ «ជ្រោះពេជ្រចិន្តា»ស្ថិតក្នុងភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
លោកស្រីចៅក្រម សែម សក្តិកូឡា ជាចៅក្រមរបាយការណ៍ បានអានឯកសារ សំំណុំរឿងក្តីថា: ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ម៉ៅ ប៊ុនធូរ ភេទប្រុស អាយុ ៤៣ ឆ្នាំ (កើតឆ្នាំ ១៩៧៩) ជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ។
ចំណែកជនរងគ្រោះឈ្មោះ សាយ វាសនា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ: ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ រស់នៅ ភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ម៉ៅ ប៊ុនធូរ ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង បង្គាប់ឱ្យសងជម្ងឺចិត្ត ចំនួន ៥០លានរៀល ទៅជនរងគ្រោះ ពីបទ « ប៉ុងប៉ងឃាតកម្ម » តាមបញ្ញត្តិមាត្រា ២៧ និងន ១៩៩ នៃ ក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍។ តែ សាលាឧទ្ធរណ៍ ខេត្តបាត់ដំបងបានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ឈ្មោះ ម៉ៅ ប៊ុនធូរ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ម៉ៅ ប៊ុនធូរ បានសុំឱ្យចៅក្រមប្រឹក្សាជំនុំជម្រះ លើកពេលសវនាការ ដោយសារតែ ខ្លួន ត្រូវការជ្រើសរើស មេធាវី ការពារក្តី ដែលជួល ដោយខ្លួនឯង និង មិនត្រូវបាន មេធាវី ដែលបានផ្តល់ជូន ដោយ តុលាការ និង ពី គណ:មេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា។
តុលាការកំពូល នឹងបន្តសវនាការ សំណុំរឿងក្តីនេះ នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះទៀត៕
ដោយ: ទេព ច័ន្ទ