កណ្តាល៖ នាព្រឹកទី៣០ ខែធ្នូ ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយអស់លោក លោកស្រីក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន៨៦២នាក់។
មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសម្តែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀនឲ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឲ្យចេះសម្រាប់ខ្លួនឯង ហេីយក្មួយៗអាចមានឱកាសសិក្សា និងប្រលងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។
សូមជម្រាបជូនថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ ២០២២ នេះ លោករដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុកដល់បេក្ខជនទាំងអស់ផងដែរ និងដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រឡងជាប់ និងពុំបានប្រឡងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន៨៦២នាក់។
លោករដ្ឋមន្រ្តី និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភដូចខាងក្រោម ៖
– និទ្ទេស A ចំនួន០៣នាក់ ម្នាក់ៗទទួលបានម៉ូតូ SCOPY-2023 ចំនួនមួយគ្រឿង
– និទ្ទេស B ចំនួន៣៩នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៤០០ ០០០រៀល
– និទ្ទេស C ចំនួន១២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៣២០ ០០០រៀល
– និទ្ទេស D ចំនួន ២២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន២៤០ ០០០រៀល
– និទ្ទេស E ចំនួន ២៣១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន១៦០ ០០០រៀល
– សិស្សប្រឡងធ្លាក់ ចំនួន១៤៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៨០ ០០០រៀល។
- គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី ១២ ចំនួន១១៤នាក់ ម្នាក់ៗថវិកា ចំនួន១០០ ០០០រៀល
– វិទ្យាល័យ ទេពប្រណម្យ ១ ០០០ ០០០រៀល
– វិទ្យាល័យ ហ៊ុន សែន អូរកុង ១ ០០០ ០០០០ រៀល
– វិទ្យាល័យ ហ៊ុន សែន កោះចិន ១ ០០០ ០០០រៀល
– វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ១ ០០០ ០០០រៀល
– វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន ១ ០០០ ០០០រៀល
– រដ្ឋបាលស្រុកពញឮ ១ ០០០ ០០០រៀល
- ប៉ូលីស ១ ០០០ ០០០រៀល។