(ជប៉ុន)៖ លោកបណ្ឌិត អុិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេ សជប៉ុន បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សា វរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ៧មករា ជាមួយសមាជិកគណបក្សនៅប្រទេសជប៉ុនប្រមាណជាង២ ០០នាក់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង តូក្យូ។
លោកបណ្ឌិតបានលើកឡើងថា ថ្ងៃនេះប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងរៀបចំអបអរសាទរនូវការរំលឹកខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធ និងធ្វើពលីកម្មក្នុងបុព្វហេតុរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត ដ៏ខ្មៅងងឹតនេះ។
លើសពីនេះ លោកបណ្ឌិតបានបន្តថា រយៈពេល ៤៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តជូរចត់ ដោយខិតខំស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាតិគ្រប់វិស័យ ដើម្បីអភិវឌ្ឍប្រទេសមាតុភូមិរហូតមានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិដូចសព្វថ្ងៃនេះ។
ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្ររហូតដល់ប្រមាណជិត៨០%នៃចំនួនប្រជាពលរដ្ឋសរុបដែលបានទៅបោះឆ្នោត ហើយទទួលបានអាសនៈមេឃុំ ចៅសង្កាត់រហូតដល់ចំនួន១៦៤៨អាសនៈ ស្មើនឹង៩៩.៧៦%។
ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើ ការងារនៅប្រទេសទាំងនេះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូន ទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។
សម្តេចបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៧៧លើក ដែលមានចំនួនប្រមាណ១ លាននាក់ នៅកម្ពុជាដែលជាព្រឹត្តិការណ៍អច្ឆរិយៈ និងជាប្រវត្តិសាស្រ្ត។
បច្ចុប្បន្នមានកម្មសិក្សាការីចំនួន ១៥,១ ៣៦នាក់ និងពលករជំនាញចំនួន ១,៤២៦នាក់កំពុងធ្វើការក្នុងវិស័យផ្សេងៗនៅប្រទេសជប៉ុន ហើយពួកគាត់ត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពគ្រួសារ ដោយបាននាំមកនូវ ប្រាក់បញ្ញើបញ្ជូនមកប្រទេសវិញ ព្រមទាំងការអភិវឌ្ឍជំនាញ និងបទពិសោធន៍ជាក់ស្តែងសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត អ៊ិត សំហេង បានដាក់ចេញនូវទិសដៅមួយចំនួន សម្រាប់ថ្នាក់ដឹកនាំសាខាគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដើម្បីអាចយកទៅធ្វើមូលដ្ឋានក្នុងការធ្វើសកម្មភាព ដើម្បីរួមគ្នារក្សាឱ្យបាននូវប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ៕