ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣នេះ បានប្រកាស សាលក្រមកំបាំងមុខ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ និង បញ្ហាសង្គម ដាក់ពន្ធនាគារ កំណត់ ១៨ ខែ និង ពិន័យ ជាប្រាក់ ចំនួន ៨ លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។
តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវសង ជម្ងឺចិត្ត ចំនួន ៥០ លានរៀល ដល់លោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាភាគី រដ្ឋប្បវេណី នៅក្នុងរឿងក្តីនេះ។
សវនាការជំនុំជម្រះ និង ប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងដោយ លោកចៅក្រម សេង សុជាតិ ជាចៅក្រមជំនុំជម្រះ និង លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ តែកំបាំងមុខ ជនជាប់ចោទ។
លោកចៅក្រមសេង សុជាតិ បានថ្លែងឱ្យដឹងថា: នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ គឹម សុខ ភេទ ប្រុស អាយុ ៤២ ឆ្នាំ (កើតឆ្នាំ ១៩៨០) ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីចំនួន២បទ ល្មើស គឺបទ: អំពី ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទ: បរិហាកេរ្ត៏សាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤, ៤៩៥ និង មាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោកចៅក្រមសុជាតិ បានបញ្ជាក់ថា: ជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវបានប្តឹងដោយលោកមេធាវី គី តិច ជាអ្នកតំណាងឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលជាភាគី រដ្ឋប្បវេណី ជាប់ពាក់ព័ន្ធនឹងការធ្វើបទសម្ភាស្សន៍ របស់ឈ្មោះ គឹម សុខ ជាមួយនឹងវិទ្យុអាស៊ីសេរី ( RFA) កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧៕
ដោយ: ទេព ច័ន្ទ