ភ្នំពេញ៖ សមត្ថកិច្ចនជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ បានចុះបង្ក្រាប កន្លែងម៉ាស្សាមួយកន្លែង និង ឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ហាងម៉ាស្សា និង ជនរងគ្រោះចំនួន ៨នាក់ ពាក់ព័ន្ធនឹងអំពើ សញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកកន្លែងម៉ាស្សា បង្កប់សេវាផ្លូវភេទ ប្រព្រឹត្ត នៅ ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ស្រ្តីជាម្ចាស់ហាងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬ ស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ទីតាំងកន្លែងម៉ាស្សាខាងលើ មានស្រ្តីម្នាក់ជាម្ចាស់ហាង និងមានស្រីៗ រងគ្រោះរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់ តម្លៃម៉ាស្សា ធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០ ដុល្លារ ទៅ ២៥ ដុល្លារ ហើយលុយដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។
សូមបញ្ជាក់ថា កន្លែងហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៥ល្ងាច រហូតដល់ យប់អាធ្រាត្រទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០៣នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ០៩យប់ ។
បច្ចុប្បន្ន, ស្ត្រីជាម្ចាស់ហាងម៉ាស្សាខាងលើ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕
ដោយ ទេព ច័ន្ទ