ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល្លឺម៉ង់​ចាប់ឃុំខ្លួន​សកម្មជន​បរិស្ថាន ប្រឆាំងការពង្រីកអណ្តូង​រ៉ែ​ធ្យូងថ្ម បន្ទាប់ខ្វះឧស្ម័នពីរុស្ស៊ី

ប៊ែរឡាំង៖ សកម្មជនបរិស្ថានជនជាតិស៊ុយអែតម្នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ឃុំខ្លួនក្នុងអំឡុងពេលការតវ៉ា នៅជិតភូមិមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានវាយបំផ្លាញដើម្បីពង្រីកអណ្តូងរ៉ែធ្យូងថ្ម។

លោកស្រី ហ្គ្រេតា ថុនប៊ើក (Greta Thunberg) បានស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីគាំទ្របាតុកម្មប្រឆាំងនឹងការរុះរើភូមិ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសអាល្លឺម៉ង់។

សកម្មជន​ស្លៀកពាក់​ខ្មៅ​រូបនេះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ពាក់​មួក​សុវត្ថិភាព​ ចាប់រុញចូលឡានយកទៅឃុំខ្លួន។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា សកម្មជនមួយក្រុមកំពុងជាប់ឃុំ បន្ទាប់ពីបានបំបែកចេញពីក្រុមបាតុករ។ ក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណក្រុមបាតុករ ដែលកំពុងជាប់ឃុំ និសម្រេចនៅពេលក្រោយថា ត្រូវចាត់វិធានការបន្ថែមទៀតបែបណា។

អ្នក​នាំ​ពាក្យ​រូប​នេះ​បានបដិសេធថា សកម្មជន​ទាំង​នោះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ គឺគ្រាន់តែនាំខ្លួនមកសួរនាំ។

កាល​ពី​ថ្ងៃ​សៅរ៍ លោកស្រី ហ្គ្រេតា ថុនប៊ើក បាន​ចូល​រួម​ជាមួយ​បាតុករ​រាប់​ពាន់​នាក់​ក្នុង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​រុះរើ​ភូមិ ដោយ​ដើរ​នៅ​មុខ​ក្បួន​ដង្ហែ។

លោកស្រី​បាន​និយាយ​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ដែល​រដ្ឋាភិបាល​អាអាល្លឺម៉ង់ចុះកិច្ច​ព្រមព្រៀង​ និនិសម្រុះសម្រួល​ជាមួយ​ក្រុមហ៊ុន​ឥន្ធនៈ​ហ្វូស៊ីល​។

កាលពីថ្ងៃច័ន្ទ សកម្មជនបរិស្ថានពីរនាក់ បានដឹកនាំអ្នកភូមិនេះ ដើម្បីតវ៉ាប្រឆាំងការកម្ទេចចោលភូមិ សម្រាប់ធ្វើផ្លូវរូងក្រោមដី ចូលទៅយករ៉ែធ្យូងថ្ម។

ភូមិនេះត្រូវបានបោះបង់ចោលមួយរយៈ ដោយសារផែនការពង្រីកអណ្តូងរ៉ែធំបំផុតមួយនៅអឺរ៉ុប ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលអាល្លឺម៉ង់។

ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​មួយ​ កាលពី​សប្តាហ៍​មុន​ដើម្បី​បោសសម្អាត​ជំរំ​អ្នកតវ៉ា។ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់ បានកាន់បដាជាមួយនឹងពាក្យស្លោថា បញ្ឈប់ការជីកយកធ្យូងថ្ម។

អ្នករៀបចំផែនការធ្វើបាតុកម្ម បានចោទប្រកាន់អាជ្ញាធរពីបទប្រើហឹង្សា បន្ទាប់ពីបានប៉ះទង្គិចគ្នារវាងប៉ូលិស និងអ្នកចូលរួម ដែលបណ្តាលឲ្យភាគីទាំងសងខាងរងរបួស។

ក្រុមហ៊ុនថាមពល បានទទួលការអនុញ្ញាតសម្រាប់ការពង្រីកអណ្តូងរ៉ែ ក្រោមកិច្ចព្រមព្រៀង និងសម្របសម្រួល ចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាល្លឺម៉ង់។

នៅក្នុងកិច្ចព្រមព្រៀង កាលក្នុងខែតុលា ឆ្នាំ២០២២ ភូមិនេះនឹងត្រូវកម្ទេចចោល ខណៈភូមិជិតខាងចំនួនប្រាំ ត្រូវបានទុកចោល។

ដោយសារការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ព្រោះសង្គ្រាមអ៊ុយក្រែន ប្រទេសអាឡឺម៉ង់ បានងាកមកប្រើធ្យូងថ្មវិញ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួន។

អ្នក​គាំទ្រ​គម្រោងនេះ បាននិយាយ​ថា ការ​ពង្រីក​អណ្តូងរ៉ែ​ គឺ​ចាំបាច់​ដើម្បី​ធានា​ដល់ការ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​អាល្លឺម៉ង់​ នា​ពេល​អនាគត បន្ទាប់ពីរុស្ស៊ីឈប់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ។ ប៉ុន្តែ​សកម្មជន​បរិស្ថានអះអាង​ថា ការ​ទាញយក​ធ្យូងថ្ម​នេះ​នឹង​មាន​ន័យ​ថា អអាល្លឺម៉ង មិនគោរពកិច្ចព្រមព្រៀង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ។

នៅកន្លែងផ្សេងទៀត នាភាគខាងលិចប្រទេសអាឡឺម៉ង់ សកម្មជនបរិស្ថានរាប់សិបនាក់ បានបិទផ្លូវធំមួយ ក្នុងទីក្រុងភាគខាងលិចរបស់ប្រទេសអាល្លឺម៉ង់ និងផ្លូវទៅកាន់អគាររដ្ឋាភិបាល។
ក្រុមសកម្មជនប្រហែល១២០នាក់ ក៏បានកាន់កាប់ផ្លូវដែកសម្រាប់ដឹកធ្យូងថ្មទៅកាន់រោងចក្រថាមពល។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​ប្រទេស​អាល្លឺម៉ង់​ បាន​រាយការណ៍​ថា ជនណារប្រកែកមិន​ព្រមចាកចេញ​ពី​ផ្លូវ​រថភ្លើង​ ត្រូវគេចាប់ខ្លួនយកទៅឃុំនៅប៉ុស្ត៍ប៉ូលិស៕