ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បានចេញផ្សាយ១ថា ប្រធានាធិបតីវៀតណាម លោក ង្វៀង សួនហ្វុក (Nguyen Xuan Phuc) បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចបានរកឃើញថា លោកជាអ្នកទទួលខុសត្រូវចំពោះការបំពានច្បាប់ និងកំហុសរបស់មន្ត្រីនៅក្រោមបង្គាប់។

លោក ង្វៀង សួនហ្វុក អាយុ៦៨ឆ្នាំ បានកាន់តំណែងកំពូលនេះក្នុងរយៈពេលប្រហែលពីរឆ្នាំ ហើយពេលនេះមិន​ទាន់​ច្បាស់​ថា​ នរណា​នឹង​ឡើងជំនួសលោកនោះ​ទេ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដ៏មានអំណាចរបស់បក្សថា «ដោយដឹងច្បាស់អំពីការទទួលខុសត្រូវចំពោះមុខបក្ស និងប្រជាជន លោកបានដាក់ពាក្យសុំលាលែងពីមុខតំណែង លាឈប់ពីការងារ ហើយសុំចូលនិវត្តន៍»។

ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម បានកើតឡើងបន្ទាប់ពីការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូប នៅក្នុងខែមករានេះ តាមរយៈយុទ្ធនាការបោសសម្អាតអំពើពុករលួយ ដែលនាំទៅដល់ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រាប់សិបនាក់។

ការបណ្តេញលោក ផាម ប៊ិញមិញ (Pham Binh Minh) និងលោក វ៉ូ ដុកដាំ (Vu Duc Dam) បណកើតឡើងចំពេលប្រទេស ដែលគ្រប់គ្រងដោយកុម្មុយនិស្តកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ធ្វើឲ្យមានការព្រួយបារម្ភថាយុទ្ធនាការនេះកំពុងធ្វើឲ្យមន្ត្រីខ្លះមានការជាប់ពាក់ព័ន្ធ អាចប្រឈមមុខក្នុងការសាកសួរ។

កាល​ពី​ខែ​មុន គណបក្ស​កុម្មុយនិស្ត៍ បាន​ដាក់​វិន័យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស គឺលោក ប៊ុយ ថាញ់សិន (Bui Thanh Son) ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ មានជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ក្រសួង​ការបរទេស និង​មន្ត្រី​ការទូត​មួយ​ចំនួន​ ក្នុង​រឿង​អាស្រូវពុករលួយ។

វៀតណាម គឺជាប្រទេសគ្រប់គ្រងដោយឯកបក្ស ហើយការផ្លាស់ប្តូរនយោបាយណាមួយត្រូវ បានធ្វើឡើងយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីរក្សាស្ថិរភាពនយោបាយ និងនិរន្តរភាពក្នុងកាតដឹកនាំប្រទេស។ ដូច្នេះ​អ្នក​វិភាគ​និយាយ​ថា នេះ​ជា​រឿង​មិន​ធម្មតា​ទេ ហើយ​អ្នក​ខ្លះ​និយាយ​ថា​ នេះ​ជា​ការប្រើអំណាចរបស់អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តវៀយណាម គឺលោក ង្វៀង ភូជុង (Nguyen Phu Trong)។

ឥឡូវនេះអាណត្តិរបស់លោក ង្វៀង ភូជុង នឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយប្រធានាធិបតីដែលទើបតែលាលែងពីតំណែង គឺជាបេក្ខជននាំមុខគេដើម្បីជំនួសលោក ក្នុងតំណែងអគ្គលេខាបក្ស។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថា ប្រធានាធិបតីថ្មីនឹងជានរណានោះទេ ប៉ុន្តែមានការរំពឹងទុកថា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ គឺលោក តូ ឡាំ (To Lam) អាចនឹងឡើងជំនួសតំណែងកំពូលនេះ។

អ្នកវិភាគបាននិយាយថា ប្រសិនបើលោក តូ ឡាំ ពិតជាក្លាយជាប្រធានាធិបតីមែន នោះមានន័យថា ទាំងនាយករដ្ឋមន្ត្រី និងប្រធានាធិបតី នឹងក្លាយជាអតីតមន្ត្រីមកពីក្រសួងសន្តិសុខសាធារណៈ។ ហើយ​វា​អាច​បង្ហាញ​ពី​ជំហរ​រឹងរូស​កាន់​តែ​ខខ្លាំងនៅពេលខាងមុខ​ក្នុង​ប្រទេស​វៀតណាម។ ចំណុចនេះអាច​មានន័យ​ថា​ មាន​ការ​បង្រ្កាប​កាន់តែ​ខ្លាំង​លើលក្រុមប្រឆាំង។

តាមច្បាប់វៀតណាម ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ការ​លាលែង​របស់​លោក ង្វៀង សួនហ្វុក តម្រូវឲ្យមានការ​អនុម័ត​យល់ព្រមពី​រដ្ឋសភា។ កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា សភានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ នៅក្នុងសប្តាហ៍នេះ។

លោក ង្វៀង សួនហ្វុក បានកាន់តំណែងនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៦ និង២០២១ មុនពេលកាន់តួនាទីជាប្រធានាធិបតី។

ប្រទេសវៀតណាមដឹកនាំជាផ្លូវការដោយសសរស្តម្ភចំនួនបួន គឺលេខាបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា៕