ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្តមសេនីយ៍ផ្កាយ៣ម្នាក់កងពលតូចលេខ៧០ រងការចោទថា បានឈូស​ឆាយយកដីជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ នៅអង្គភាពកងពលតូច​លេខ៧០ ត្រូវបានពលរដ្ឋជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី ចោទប្រកាន់ថា បានដាក់គ្រឿងឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងអាស្រ័យផលយ៉ាងអយុត្តិធម៌ ។

ប្រជាពលពលរដ្ឋជនជាតិដើមភាគតិច រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន នោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកឧត្តមសេនីយ៍ផ្កាយ៣ ហាក់ ម៉ៅ ជាមេបញ្ជាការរងកងពលតូចថ្មើជើង៧០ បានដាក់កូនចៅ និងគ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងរស់នៅ និងអាស្រ័យផលទាំងបំពាន ។

ក្រុមសហគមន៍ជនជាតិដើមភាគតិច បានបន្តទៀតថា ក្រុមកូនចៅរបស់លោកផ្កាយ៣ដ៏មានឥទ្ធិពលបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តសុទ្ធតែពាក់ស្លាកលេខអង្គភាពកងទ័ព (ង៧០) ទៀតផង ។ ពួកគាត់បន្តថា ក្រុមទាហានកូនចៅលោក ហាក់ ម៉ៅ តែងតែលួចធ្វើសកម្មភាពផ្សេងៗនាពេលយ​ប់ព្រោះគ្មានពលរដ្ឋមកតវ៉ា ។ បើពេលថ្ងៃឲ្យស្ងាត់គ្រឿងចក្រធ្វើសកម្មភាពជី​ក​រណ្តៅសម្រាប់ទុកត្រៀមតាមផែនការរបស់ពួកគេតែម្តង ។

ក្រុមអ្នកភូមិជនជាតិដើម បាននិយាយថា លោកឧត្តមសេនីយ៍ ហាក់ ម៉ៅ បានប្រើប្រាស់កម្លាំងស្លៀកពាក់ទាហាន,រថយន្តយោធា និងរថយន្តសឺរ៉ែនអង្គភាពដើម្បីគំរាមកំហែងបំបាក់ស្មារតីអ្នកភូមិហើយបានព័ទ្ធនិងឈូស​ឆាយយកដីធ្លី នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី យ៉ាងគគ្រើន ។

ក្រុមយោធាកងពល៧០ ទាំងនោះធ្វើសកម្មភាពប្រៀបបាននឹងចោរមកប្លន់ដីធ្លី និងជីវិតជីវភាពរបស់អ្នកភូមិជនជាតិដើមដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ។

បងប្អូនជនជាតិដើមភាគតិច បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តមណ្ឌលគិរី មេត្តាចុះអនុវត្តលិខិតបង្គាប់ការរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការវាស់វែងកាត់ឆ្វៀលដី ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធករណីខាងលើ លោក ហាក់ ម៉ៅ ដែលរងការចោទប្រកាន់ សារព័ត៌មាន ដេលីខ្មែរ ពុំទាន់អាចសុំការបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣នេះ ដោយអ្នកទទួលទូរស័ព្ទប្រាប់ថា ច្រឡំលេខមិនមែនលោកឧត្តមសេនីយ៍ទេ ៕